ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ និងជំរុញការងារអត្រានុកូលដ្ឋាន ការផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារសៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពជាដើម និងប្រកាសតែងតាំងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់មន្ត្រីចុះត្រួតពិនិត្យជាប្រចាំ រាល់សំណង់ផ្សេងៗ ដែលកំពុងសាងសង់ សំណង់ខុសច្បាប់ ឬសំណង់ដែលសង់ខុសកិច្ចសន្យា និងគ្មានគុណភាព ការសង់រោងបុណ្យ រោងការបិទផ្លូវ ដើម្បីជម្រុញឲ្យពួកគាត់គោរពច្បាប់ និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ ចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
លោកអភិបាល បានរំលឹកផងដែរ ទៅលើការណែនាំចំពោះរថយន្តបាញ់បេតុង ដែលចត ឈប់ធ្វើឲ្យប៉ះពាល់ដល់ចរាចរ តាមដងផ្លូវ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹងរួចមកហើយ។ ជាមួយគ្នានេះក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ រោងការដោយមិនត្រូវឲ្យបិទផ្លូវទាំងស្រុង ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងស្ទះចរាចរ ដែលប្រជាពលរដ្ឋតែងបង្ហាញការថ្នាំងថ្នាក់ នាពេលកន្លងមក។ ម្ចាស់រោងបុណ្យ ឬរោងការគួរកទីតាំង សមស្របដែលមិនប៉ះពាល់ផ្លូវសាធារណៈ ដូចជា ទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ។
លោកឃួង ស្រេង បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងស្ថាបន័ពាក់ព័ន្ធឲ្យបង្កើនប្រសិទ្ធភាព ការងារទ្វេដងថែមទៀត លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យសក្តិសមទៅនឹងទំនុកចិត្ត របស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតឲ្យយើង។
លោកឃួង ស្រេង បានបន្តថា ការងារជាច្រើនកំពុងរង់ចាំយើង ទៅធ្វើ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ សាធារណៈ ក្នុងទីក្រុង ដោយផ្តោតទៅលើការអនុវត្តច្បាប់ចរាចរណ៍ បន្តឆែកឆេរអាវុធជាតិផ្ទុះ ត្រួតពិនិត្យ កន្លែងសប្បាយភាព ក្លិបកម្សាន្ត ក្លិបរាត្រីផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីយើងមិនអាចលប់បំបាត់នៅចំពោះមុខ តែក៏អាចឈានទៅកាត់បន្ថយ បទល្មើសគ្រឿងញៀន បានមួយកំរិត៕ ដោយ ៖ កូឡាប