Monday, August 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការប្រកាសរបស់មេបញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាត់ឃ្លាំង គឺជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន

ភ្នំពេញ ៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយលើកឡើងថា៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍បន្ថែមថា កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅក្នុងសុខសន្តិភាព។ បន្ថែមពីលើនេះ បញ្ហាព្រំដែនមិនអាចកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត ហើយបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ ក្រសួងការពារជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានសង្កត់ធ្ងន់ថា ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយយើងគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×