ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជួបប្រជុំជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីកំណត់មូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងរៀបចំយុទ្ធសាស្ត្រដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ អង្គប្រជុំបានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។
ឯកឧត្តម ឌិត ទីណា បានថ្លែងថា ជាវិធានការណ៍រយៈពេលមធ្យម និងរយៈពេលវែង យើងនឹងធ្វើពិពិធកម្មពង្រីកទីផ្សារនាំចេញឱ្យទូលំទូលាយជាងទីផ្សារសព្វថ្ងៃ ហើយពិនិត្យលទ្ធភាពផ្ដល់ប្រាក់កម្ចីជូនរោងម៉ាស៊ីនស្រូវ ដើម្បីជួយសម្រាលបន្ទុក និងបង្កើនសមត្ថភាពរបស់រោងម៉ាស៊ីនក្នុងការប្រមូលទិញស្រូវពីពុកម៉ែបងប្អូនប្រជាកសិករ។
ទៅមុខ ក្រសួងនឹងបន្តពន្លឿនការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃនិងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






