Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំ ស្តីពីការសហការផ្តល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

ភ្នំពេញ ៖ ដើម្បីជំរុញការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមធ្វើការណែនាំដល់ម្ចាស់ ឬនាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដូចខាងក្រោម៖

១. ណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់នូវពាក្យសម្តីទន់ភ្លន់ និង សមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្ដល់នូវភាពកក់ក្ដៅជូនបងប្អូន ដូចដែល រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្ដល់ជូនពេលបងប្អូនឈានជើងដំបូង ចូលមកដល់បូរណភាពទឹកដីកម្ពុជា។

២. ចូលរួមឱ្យបានសកម្មក្នុងវេទិកាការងារដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅ នៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/មជ្ឈមណ្ឌលបណ្ដុះបណ្តាល វិជ្ជាជីវៈ នៅតាមទីរួមខេត្ត។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួន ៤កន្លែង គឺទី១. នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ទី៣. នៅវិទ្យាស្ថានជាតិ បណ្ដុះបណ្តាលបច្ចេកទេស (NTTI), និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)។

៣. ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងក៏នឹងចាប់ផ្ដើមយុទ្ធនាការជុំទី៣ នៅតាមឃុំ សង្កាត់ ដើម្បីចុះឈ្មោះ អ្នកស្វែងរកការងារ និងសម្ភាសជ្រើសរើសបុគ្គលិក ដោយក្នុងមួយថ្ងៃ មានវេទិកាការងារចន្លោះពី ៨០ ទៅ ១០០ ឃុំ សង្កាត់។ សហគ្រាស ក្រុមហ៊ុន រោងចក្រ អាចចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកនេះ ដោយផ្ទាល់ក៏បាន ឬតាមរយៈប្រព័ន្ធ Zoom ក៏បាន។ ទន្ទឹមនេះ ការចុះឈ្មោះស្វែងរកការងារតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ និង QR Code (ស្វែងរកការងារ-MLVT) ក៏នៅរក្សាផងដែរ។

៤. ផ្តល់ការណែនាំ និងតម្រង់ទិសការងារ ដោយយកចិត្តទុកដាក់បំផុតនៅថ្ងៃចូលធ្វើការ ៣ថ្ងៃដំបូង និងសូមសម្រួល ឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយបណ្ដោះអាសន្នណាមួយ ជូនបងប្អូនពលករខ្មែរ ដែលពុំទាន់អាចបើកគណនីធនាគារបាន។
៥. សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម មកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង តាមរយៈប្រព័ន្ធគ្រប់គ្រង ទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានតំណភ្ជាប់ https://lacms.mlvt.gov.kh ឬតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ឬស្នែន QR Code (ជំនួយការឌីជីថល-MLVT) ដែលមានជូនភ្ជាប់ដូចខាងក្រោម។

សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ចូលរួមអនុវត្តសេចក្ដីណែនាំនេះ ឱ្យបានត្រឹមត្រូវប្រកបដោយ ប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×