Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា លើកឡើងពីសារសំខាន់នៃការគ្រប់គ្រងធនធានខ្សាច់ ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះផ្តោតលើចំណុចសំខាន់ចំនួន៣ គឺ ទី១)របាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ទី២)ពិនិត្យ និងពិភាក្សាផែនការសកម្មភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ និង ទី៣)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួងក្នុងការគ្រប់គ្រងធនធានខ្សាច់ប្រកបដោយចីរភាព។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារសំខាន់នៃការគ្រប់គ្រងធនធានខ្សាច់ ដើម្បីធានាបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹកប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំងជួយថែរក្សាសុខភាព និងមុខងាររបស់ស្ទឹង ទន្លេ សមុទ្រ និងប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើអាជីវកម្មធនធានខ្សាច់ ជាពិសេសការទាញយកខ្សាច់ច្រើនហួសកម្រិតពីស្ទឹង ទន្លេ និងតំបន់ឆ្នេរ អាចមានផលវិបាកអវិជ្ជមានជាច្រើនដូចជា ការបាក់ច្រាំងស្ទឹង ទន្លេ ការកកស្ទះរំហូរទឹក ការផ្លាស់ប្តូរចរន្ដទឹក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការធ្វើអាជីវកម្មធនធានខ្សាច់ថា តាមសេចក្ដីសម្រេចលេខ ៧២សសរ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ គឺ ក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាបណ្ណនិងទទួលខុសត្រូវគ្រប់យ៉ាងលើការធ្វើអាជីវកម្មធនធានខ្សាច់គ្រប់ប្រភេទ ក្រសួងធនធានទឹក និងឧតុនិយម មានតួនាទីសហការជាមួយក្រសួងរ៉ែ និងថាមពល កំណត់តំបន់ធនធានខ្សាច់ជាបីតំបន់ ដោយផ្អែកលើលទ្ធផលនៃការសិក្សាលើជលវិទ្យានិងជលគតិ និងមាននិយាមការច្បាស់លាស់ គឺ ១)តំបន់ដែលអនុញ្ញាតឱ្យធ្វើអាជីវកម្ម ២)តំបន់ដែលតម្រូវឱ្យមានការអនុញ្ញាតតាមការស្នើសុំពិសេស និង ៣)តំបន់ដែលពុំអនុញ្ញាតឱ្យធ្វើអាជីវកម្ម ហើយក្រសួងបរិស្ថានត្រូវធ្វើការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន(EIA) ទៅតាមបទដ្ឋានបច្ចេកទេស។

សូមបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលមានតួនាទីជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងមានភារកិច្ច៖ ទី១)ត្រួតពិនិត្យនិងតាមដានការធ្វើអាជីវកម្មធនធានខ្សាច់ពាក់ព័ន្ធនឹងធនធានទឹក និងបច្ចេកទេសបូមខ្សាច់ស្របតាមបទដ្ឋានបច្ចេទេសជលវិទ្យានិងជលគតិ ទី២)ផ្ដល់អនុសាសន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដល់ក្រសួងរ៉ែ និងថាមពល ដើម្បីចាត់វិធានការបន្ទាន់ក្នុងករណីមានភាពអនាធិបតេយ្យ ឬការបូមខ្សាច់ខុសបច្ចេកទេស និង ទី៣)ធ្វើរបាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល៕រក្សាសិទ្ធដោយ៖សុទ្ធលី

×