Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតិថិជនទិញផ្ទះវីឡាលេខ២៤ ពីក្រុមហ៊ុន គម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ ពិបាកហួសពីពិបាក ខាតលុយអសារបង់ មិនគោរពតាមកិច្ចកុងត្រា ក៏រៀបចំនីតិវិធីតាមផ្លូវច្បាប់ ខណៈក្រុមហ៊ុនបានបកស្រាយផងដែរថា… ÷

CEN សូមលើកយករឿងរ៉ាវ ទិញ-លក់ផ្ទះ មិនប្រក្រតីមួយ… គឺរឿងអាស្រូវ ទិញ-លក់ផ្ទះវីឡាមួយកន្លែង រវាងអតិថិជន ទិញផ្ទះវីឡា លេខ ២៤ របស់ ក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ , ដោយអតិថិជនបាន កក់លុយ បង់ ១០% រួចរាល់ និងបន្តបង់លុយរំលស់ ប្រចាំខែ ស្របតាមកិច្ចកុងត្រាត្រឹមត្រូវ អស់រយៈពេលលើសពី ១ឆ្នាំទៅហើយ ស្រាប់តែអត់បានផ្ទះ ពោលគឺ ក្រុមហ៊ុនអត់បានសាងសង់ផ្ទះឱ្យអតិថិជនរួចរាល់ ដូចដែលមានចែងកំណត់ក្នុងកិច្ចកុងត្រារបស់ខ្លួនសោះ គឺសាងសង់ខ្លះ ឈប់ខ្លះ សាងសង់បណ្ដើរ ផ្អាកបណ្ដើរ, បើតាមការពិនិត្យជាក់ស្ដែង សាងសង់បានត្រឹមតែជាង ៣០% ប៉ុណ្ណោះ ធ្វើឱ្យតិថិជនមិនអាចទទួលយកបាន, ហើយចុងក្រោយ អតិថិជនចំណាយលុយអស់ដល់ទៅប្រមាណ ២ម៉ឺនដុល្លារ សុំដកប្រាក់សទ្ធវិញតែ ៥០០០ដុល្លារ ក៏អត់ដែរ , ប៉ុន្តែទោះជាយ៉ាងណា  នៅពេលដែល CEN ទាក់ទងតាមទូរស័ព្ទ សួរនាំ ឬសម្ភាសន៍ លោក មៀន សុភ័ណ្ឌ ដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន និងក៏ជាអ្នកសម្របសម្រួលផងដែរនោះ លោកថា ក្រុមហ៊ុនមានចេតនានៅដោះស្រាយទេតើ ឱ្យតែខាងខណ្ឌកំបូល ស៊ីញ៉េភ្លាម ប្រគល់លុយភ្លាម, ប៉ុន្តែសម្រាប់ខាងខណ្ឌវិញ បានបញ្ជាក់ថា មន្ត្រីខណ្ឌ បានទូរស័ព្ទទៅប្រាប់ក្រុមហ៊ុនហ្នឹងហើយ ណែនាំឱ្យធ្វើយ៉ាងម៉េចៗហើយ នៅតែខាងក្រុមហ៊ុនពិបាកទៀត។

ស្ដីពី ក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ វិញ, ដំបូងក្រុមហ៊ុននេះ មានឈ្មោះ ក្រុមហ៊ុន បុរី វីឡាលាភសំណាង ដោយមាន លោក មៀន សុភ័ណ្ឌ ជាម្ចាស់, ក្រោយមក ក្រុមហ៊ុននេះជួបបញ្ហាស្ទះថវិកា ឬអាចថាក្ស័យធន ក៏មានអ្នកវិនិយោគម្នាក់ទៀត ចូលមកសង្គ្រោះឱ្យដំណើរការឡើងវិញ គឺ លោក មាស សត្យា , មានន័យថា ក្រុមហ៊ុន បុរី វីឡាលាភសំណាង នេះ បានប្ដូរមកជា ក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី វិញ , មានភាគហ៊ុនវិនិយោគ ម្ចាស់ពីរនាក់ គឺ លោក មាស សត្យា និង លោក មៀន សុភ័ណ្ឌ។

បើតាមប្រភពពីអតិថិជនជាច្រើន បានអះអាងថា លោក មៀន សុភ័ណ្ឌ ដែលជាម្ចាស់ភាគហ៊ុនចាស់ មិនជាអាក្រក់ទេ ជាមនុស្សល្អគួរសម តែងតែខ្នះខ្នែង ស្វះស្វែងរកដំណោះស្រាយជូនអតិថិជន ដូចជា ការព្យាយាមសងប្រាក់ត្រឡប់វិញនេះជាដើម, ប៉ុន្តែ ដោយឡែក លោក មាស សត្យា ដែលជាអ្នកមានសិទ្ធិធំជាងគេក្នុងក្រុមហ៊ុន បើតាមអតិថិជន ទិញផ្ទះវីឡា លេខ ២៤ បានអះអាងថា ជាមនុស្សក្រឡេចក្រឡុច គេចវេះ មិនទទួលខុសត្រូវតាមកិច្ចកុងត្រាឡើយ និយាយផ្សេង ធ្វើផ្សឹង រហូតដល់ថ្នាក់ខ្លួនឯង ហ៊ានចុះកិច្ចសន្យា ប្រគល់លុយត្រឡប់វិញ ចំនួន ៥០០០ដុល្លារ ជូនអតិថិជនវិញហើយ ប៉ុន្តែ បែរជាមិនគោរពកិច្ចសន្យាហ្នឹងទៅទៀត គឺគេចវេះ មិនចូលដោះស្រាយ មិនព្រមប្រគល់លុយ ៥០០០ដុល្លារទៅវិញ។ 

ការណ៍ដែលម្ចាស់បុរីនេះ ក្រឡេចក្រឡុច ក្រឡាស់ខ្លួន មិនទទួលខុសត្រូវ គេចវេះ មិនសងលុយអតិថិជនគ្រប់ចំនួនបែបនេះហើយ ក៏បង្កទៅជាមានបញ្ហាស្មុគស្មាញច្រើន… អាហ្នឹងហើយ គឺមកពីគេមើលស្រាលច្បាប់, ចំណែកជនទុច្ចរិតឃើញគំរូនេះ ងាយនឹងបន្លំ ឆបោកប្រជាពលរដ្ឋតាមរយៈការប្រើរូបភាពសង់ផ្ទះលក់នេះឯង។ សម្រាប់ករណីមួយនេះ យើងទទួលបានប្រភពថា មន្ត្រីអាជ្ញាធរខណ្ឌកំបូល គ្នាក៏ខ្នះខ្នែង សម្របសម្រួល ក្នុងការដោះស្រាយដែរ ប៉ុន្តែ លោក មាស សត្យា ម្ចាស់ភាគហ៊ុនក្រោយ ចេះតែគេចវេះ មិនចូលខ្លួនដោះស្រាយ រឿងសំណងប្រាក់ ៥០០០ដុល្លារ ដល់អតិថិជន ដែលទិញផ្ទះវីឡា លេខ ២៤ វិញ ។ 

ទាក់ទងនឹងការមិនសាងសង់ផ្ទះជូនអតិថិជន ទៅតាមកិច្ចសន្យា ឬកិច្ចកុងត្រា  របស់ ក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ នេះដែរ យើងសូមលើកពីដំណើររឿង ជូនសាធារណជន ក៏ដូចជាមហាជន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានជ្រាបថា បានចាប់ផ្ដើមនៅ ថ្ងៃទី១៧  ខែមករា ឆ្នាំ២០២១ គឺ មានអតិថិជនពីរនាក់ប្ដី-ប្រពន្ធ បានទិញផ្ទះវីឡាមួយកន្លែង លេខ ២៤ ផ្លូវលេខ ២ ទំហំ ៧ម៉ × ១៥ម៉ លើទំហំដី ១០ម៉ × ២២ម៉ ក្នុងគម្រោងទី១០ នៃ បុរី វីឡាលាភសំណាង (ឈ្មោះពីមុន) មានទីតាំងស្ថិតនៅផ្លូវបេតុង ៣០ម៉ែត្រ ភូមិស្នោលិច សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ផ្ទះវីឡា លេខ ២៤ នេះ មានតម្លៃក្នុងកុងត្រា ៨០ ០០០ ( ៨ម៉ឺនដុល្លារអាមេរិក ) , ដំបូង អតិថិជន បានកក់ប្រាក់ ២០០០ដុល្លារ បន្ទាប់មក បង់លើកទី១ ចំនួន ៦០០០ដុល្លារទៀត ដើម្បីឱ្យគ្រប់ ១០ភាគរយ តាមកិច្ចសន្យាកំណត់ និងបន្ទាប់មក ប្រាក់តម្លៃផ្ទះនៅសល់ ៧២ ០០០ដុល្លារអាមេរិកទៀត បូកជាមួយនឹងការប្រាក់ ១% (១ភាគរយ) ត្រូវបង់រំលស់ប្រចាំខែ ស្មើនឹង ៧៥៨ដុល្លារអាមេរិក រហូតដល់ ៣០០ខែ ឬថា ២៥ឆ្នាំ ទើបគ្រប់ចំនួន ឬចប់សព្វគ្រប់នៃកិច្ចកុងត្រាទិញ-លក់, ប៉ុន្តែសម្រាប់ការសាងសង់ផ្ទះឱ្យរួចរាល់ គឺក្នុងកុងត្រាកំណត់ថា រយៈពេល ១៤ខែ។

ដោយឡែក រវាងអតិថិជន ផ្ទះវីឡាលេខ ២៤ និងភាគីក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ ស្រាប់តែអតិថិជន បានបង់រំលស់ថ្លៃផ្ទះ ដូចមានចែងកំណត់ក្នុងកុងត្រា  រហូតដល់ ៦ ទៅ ៧ ខែហើយ អត់ទាន់ឃើញផ្ទះមានការសាងសង់ឱ្យស្របគ្នាទៅនឹងពេលវេលាសោះ ធ្វើឱ្យអតិថិជនរូបនេះ ( អតិថិជនផ្ទះវីឡា លេខ ២៤) កើតមន្ទិលសង្ស័យ គិតថា តិចលោគេអត់សាងសង់ផ្ទះឱ្យទៅ ?!

ការអាក់ខានសាងសង់ផ្ទះ ឬអសកម្មភាព ឬថាសាងសង់យឺតបំផុត ត្រូវបានខាងក្រុមហ៊ុន លោក មៀន សុភ័ណ្ឌ ម្ចាស់ភាគហ៊ុនចាស់  សម្របសម្រួលជាមួយអតិថិជនថា គឺដោយសារក្រុមហ៊ុនមានការស្ទះលុយ មិនបានសាងសង់លឿនតាមគម្រោងមែន ប៉ុន្តែក្រុមហ៊ុនកំពុងព្យាយាមបង្វិលលុយ ខំប្រឹងសាងសង់បណ្ដើរៗ ដូច្នេះសូមអតិថិជនបន្តបង់ទៀតចុះ ក្រុមហ៊ុននឹងចាប់ផ្ដើមសាងសង់ឱ្យទាន់ពេលវេលា, ប៉ុន្តែ ទោះជាយ៉ាងណា សកម្មភាពសាងសង់យឺតនេះ ធ្វើឱ្យកើតមានការមិនទុកចិត្តពីអតិថិជន ក៏ឈានដល់ការស្នើសុំឱ្យអាជ្ញាធរខណ្ឌកំបូល ឱ្យជួយសម្របសម្រួល រហូតជ្រើសរើសលក្ខខណ្ឌបង់លុយ ចូលទៅអាជ្ញាធ័រខណ្ឌឱ្យជួយរក្សាទុកវិញ។ ដោយសារអាជ្ញាធរខណ្ឌកំបូល ជាអ្នករក្សាទុកលុយរបស់អតិថិជន ទើបអតិថិជន ផ្ទះវីឡា លេខ ២៤ ក៏បន្តបង់រំលស់ប្រចាំខែ តទៅទៀត ជូនក្រុមហ៊ុន រហូតដល់លើសពី១ឆ្នាំទៅហើយ ស្របតាមកុងត្រាត្រឹមត្រូវ។

មានន័យថា មកដល់ ថ្ងៃទី១៧  ខែកុម្ភ: ឆ្នាំ២០២២ បើគិតចាប់តាំងពីធ្វើកិច្ចកុងត្រាទិញ-លក់ កក់ប្រាក់ បង់ប្រាក់ ១០% , និងបង់រំលស់ប្រចាំខែ គឺលើសរយៈពេល ១៤ខែ ដែលក្រុមហ៊ុនបានកំណត់ក្នុងកុងត្រាថា នឹងសាងសង់ផ្ទះឱ្យរួចរាល់នោះទៅហើយ, ជាក់ស្ដែង នៅតែមិនមានការសាងសង់ផ្ទះរួចរាល់ជូនអតិថិជនទាន់ពេលវេលាទៀត ពោលគឺ ក្រុមហ៊ុនសាងសង់ផ្ទះបានតែប្រមាណជាង ៣០% ប៉ុណ្ណោះ, សម្រាប់អតិថិជនបានចំណាយអស់ទឹកប្រាក់  ប្រមាណ ២ម៉ឺនដុល្លារអាមេរិក ទៅហើយ, នេះមានន័យថា ខាងក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ មិនអនុវត្តតាមកុងត្រា ដែលកំណត់ថា ក្នុងរយៈពេល ១៤ខែ នឹងសាងសង់ផ្ទះជូនអតិថិជនឱ្យរួចរាល់នោះឡើយ។ 

ផ្ទះក៏មិនបានសាងសង់ឱ្យទាន់ពេលវេលា និងមិនមានអ្វីប្រកែកជាមួយអតិថិជនបាន, លោក មាស សត្យា និង លោក មៀន សុភ័ណ្ឌ ក៏សម្របសម្រួលជាមួយ អតិថិជនផ្ទះវីឡា លេខ ២៤ តាំងពីរឿងធំ រហូតដល់តូច , តាំងពីតានតឹង រហូតដល់ធូរស្រាល… គឺចុងក្រោយ អតិថិជនផ្ទះវីឡា លេខ ២៤ យល់ព្រមយកប្រាក់សុទ្ធត្រឡប់វិញ តែត្រឹម ៥០០០ដុល្លារអាមេរិកប៉ុណ្ណោះ រីឯម្ចាស់ក្រុមហ៊ុន លោក មាស សត្យា និង លោក មៀន សុភ័ណ្ឌ ក៏យល់ព្រម , និងបានព្រមព្រៀងគ្នាធ្វើកិច្ចកុងត្រាចុងក្រោយមួយទៀត គឺកិច្ចកុងត្រាប្រគល់ប្រាក់ ៥ពាន់ដុល្លារ ឱ្យទៅអតិថិជនវិញ ដែលពេលនេះ ភាគីខាងអតិថិជន ដើរតួជាអ្នកលក់ផ្ទះវិញម្ដង គឺផ្ទះដែលទិញពីក្រុមហ៊ុន, ចំណែកខាងក្រុមហ៊ុន ដើរតួជាអ្នកទិញផ្ទះពីអតិថិជនវិញ, រហូតដល់មួយខែក្រោយមក ទើបក្រុមហ៊ុន បានប្រគល់ប្រាក់ ១០០០ដុល្លារ ឱ្យទៅអតិថិជន នៅខ្វះ ៤០០០ដុល្លារទៀត , ស្រាប់តែ លោក មាស សត្យា គេចវេះរហូត មិនព្រមប្រគល់ប្រាក់ ៤០០០ដុល្លារ ឱ្យទៅអតិថិជនសោះ , ចំណែក លោក មៀន សុភ័ណ្ឌ តាមប្រភពថាខ្នះខ្នែង ចង់ប្រគល់ប្រាក់ឱ្យទៅអតិថិជនដែរ ប៉ុន្តែលោកថា រូបលោកគ្មានសិទ្ធិ ទាល់តែម្ចាស់ភាគីហ៊ុនពីរនាក់  ឬថា ទាល់តែ លោក មាស សត្យា ទើបសម្រេចបាន… បើ លោក មាស សត្យា គេចវេះទៅហើយ តើឱ្យប្រគល់ប្រាក់បានយ៉ាងដូចម្ដេចទៅ ?! មានន័យថា ចាប់ពីកុងត្រាចុងក្រោយ រហូតដល់ពេលនេះ ៧ សប្តាហ៍ទៅហើយ អតិថិជនផ្ទះវីឡា លេខ២៤ ទើបតែទទួលបានប្រាក់ត្រឡប់វិញ ១ពាន់ដុល្លារប៉ុណ្ណោះ ឯនៅខ្វះ ៤ពាន់ ដុល្លារទៀត គឺអត់ទទួលបានទេ។ 

គិតទៅ ចាប់តាំងពីដំណើរការទិញ-លក់ ផ្ទះវីឡាលេខ២៤ ពីក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ នេះមក អតិថិជនរូបនេះ បានចំណាយសាច់ប្រាក់អស់ប្រមាណ ២ម៉ឺនដុល្លារ ខណៈខាតបង់ពេលវេលាអស់លើសពី១ឆ្នាំ ទីបំផុត ផ្ទះក៏អត់បាន លុយក៏ខាតបង់ទៅទៀត, ដូច្នេះ សូមអតិថិជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មុននឹងទិញផ្ទះនៅបុរីណាមួយ ហើយសូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹងបំផុត ចៀសវាងពលរដ្ឋស្លូតត្រង់រងគ្រោះ ចាញ់បោក រូបភាពសាងសង់បុរី សំណង់ផ្ទះល្វែង ឬសំណង់ខុនដូ ជាដើម… ហើយក៏សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ ចាត់ការតាមផ្លូវច្បាប់ទៅលើ ក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ នេះផងដែរ។

ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ សម្រាប់ លោក មៀន សុភ័ណ្ឌ អ្នកសម្របសម្រួល ក្រុមហ៊ុនគម្រោងវីឡាមាស អឹម អេស ភី អតីតក្រុមហ៊ុន បុរី វីឡាលាភសំណាង គម្រោង១០ បានបកស្រាយថា មិនមែនខាងក្រុមហ៊ុន គេចវេះ មិនចូលខ្លួន ឬមិនព្រមប្រគល់ប្រាក់ជូនអតិថិជននោះទ គឺលុយរក្សាទុកនៅខណ្ឌកំបូលច្រើនណាស់ ហើយក្រុមហ៊ុន ក៏មិនខ្វះលុយប៉ុណ្ណឹងៗដែរ, ការយឺតយ៉ាវរឿងប្រគល់លុយនេះ គឺខាងរដ្ឋបាលខណ្ឌកំបូល អញ្ជើញពួកគាត់ចូលរួមដោះស្រាយ ឬចូលខ្លួនប្រគល់លុយនោះ គឺភ្លាមៗពេក មិនអាចធ្វើទាន់ ឬទៅខណ្ឌទាន់ពេលវេលា។
ឆ្លើយតបនឹងសំណួរថា តើខាងក្រុមហ៊ុន នៅតែមានចេតនាដោះស្រាយ ឬប្រគល់លុយ ៤ពាន់ដុល្លារហ្នឹងដែរទេ ? លោក មៀន សុភ័ណ្ឌ អះអាងថា នៅតែមានចេតនាចង់ដោះស្រាយ និងចង់ប្រគល់ប្រាក់ដដែល ពោលគឺ ឱ្យតែខាងរដ្ឋបាលខណ្ឌ ទោះជាជំនួយការខណ្ឌ ស៊ីញ៉េ យល់ព្រមបើកប្រាក់តែបន្តិចទៅ គឺអ្វីៗរួចរាល់ហើយ ក្រុមហ៊ុននឹងប្រគល់ប្រាក់ហើយ។

ងាកត្រឡប់ទៅ អតិថិជនម្ចាស់ផ្ទះវីឡាលេខ២៤ វិញ បញ្ជាក់ថា ខាងក្រុមហ៊ុនគ្រាន់តែនិយាយយកត្រូវ យកល្អប៉ុណ្ណោះទេ លោកបានទូរស័ព្ទផង រង់ចាំផង ឡើងឆ្អែតហើយ, គ្មាននរណាចង់ឱ្យលំបាកទេ ប៉ុន្តែក្រុមហ៊ុននេះ ធ្វើឱ្យលំបាកហួសពីលំបាកទៅទៀត ទើបឈានដល់ដំណាក់កាលចុងក្រោយបែបនេះ ហើយបន្ទាប់មក យើងខ្ញុំក៏បានរៀបចំនីតិវិធីតាមផ្លូវច្បាប់ដែរ។ អតិថិជនម្ចាស់ផ្ទះវីឡាលេខ២៤ នៅបានឱ្យដឹងទៀតថា លោកអភិបាលខណ្ឌកំបូល បានទាក់ទងទៅក្រុមហ៊ុនដែលមានលោកទាំងពីរនាក់ខាងលើនេះផ្ទាល់ ក៏នៅតែពិបាកទៀត ហ្នឹងឬ ដែលខាងក្រុមហ៊ុននិយាយរបៀបស្រួល និងដណ្ដើមយកល្អនោះ ?!

បើកក្រឡេកមើលទិដ្ឋភាពរួមវិញ គឺទិដ្ឋភាពច្របូកច្របល់ ឡូកឡំគ្នា ជាពិសេស មិនបានអនុវត្តតាមកិច្ចសន្យាត្រឹមត្រូវ អារឿងទិញផ្ទះ លក់ផ្ទះ ទិញដី លក់ដីនេះ បើថា ការអនុវត្តច្បាប់តឹងរ៉ឹងល្អ អ្នកលក់ និងអ្នកទិញគោរពច្បាប់ អនុវត្តច្បាប់បានល្អ នោះវាមិនជាបញ្ហាទេ… ប៉ុន្តែបញ្ហានៅត្រង់ថា សមត្ថកិច្ចតាមមុខនាទី អនុវត្តច្បាប់ទន់ជ្រាយ ធ្វើឱ្យអ្នកលក់ផ្ទះតាមបុរី ផ្ទះល្វែង ខុនដូ ផ្សេងៗ ក្រឡេចក្រឡុច ក្រឡាស់ខ្លួន មិនអនុវត្តតាមកិច្ចកុងត្រា ដែលត្រូវបានធ្វើឡើងរវាងអ្នកលក់ និងអ្នកទិញ, ហើយអ្នកមានលុយ ក៏ប្រើអំណាចទឹកលុយ ប្រែ ស ទៅជា ខ្មៅ , លើសពីនេះ អ្នកមានអំណាចទឹកលុយ តែងតែប្ដឹងអតិថិជនទន់ខ្សោយ ដែលតវ៉ារឿងទិញ-លក់ផ្ទះមិនប្រក្រតីនេះ ទៅតុលាការថែមទៀត ដើម្បីគំរាម ឬបំបិទមាត់, រឿងនេះគ្រោះថ្នាក់ណាស់សម្រាប់អតិថិជនទន់ខ្សោយ ហើយវាកើតមានជាច្រើនរាប់មិនអស់រួចមកហើយ តាមរយៈការផ្សាយរបស់សារព័ត៌មានកន្លងមក ដោយមានរូបភាពផ្សេងៗគ្នា៕ រក្សាសិទ្ធដោយ : ពិសិដ្ឋ CEN 

×