Wednesday, August 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរាថ្មី នឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ : ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធ សំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ពិធីសម្ពោធសមិទ្ធផលថ្មីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅគឺជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយប្រើប្រាស់បច្ចេកវិទ្យាជប៉ុនដែលសន្សំសំចៃផ្ទៃដី។ រោងចក្រនេះមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

សមិទ្ធផលមួយទៀតគឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ស្ថានីយ៍បូមទឹកឆៅថ្មី តម្លៃ២៨លានដុល្លារនេះ មានសមត្ថភាពបូមទឹកឆៅបាន ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រទឹកស្អាតនិរោធក្នុងតំណាក់កាលបច្ចុប្បន្ន និងអនាគត ដែលនឹងបម្រើសម្រាប់ទាំងការរស់នៅ អាជីវកម្ម និងតំបន់អភិវឌ្ឍន៍សំខាន់ៗ រួមទាំងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងថា៖ “សមិទ្ធផលទាំងពីរនេះនឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងជាការរួមចំណែកសម្រេចគោលដៅ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ហេដ្ឋារចនាសម្ព័ន្ធនេះក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងការផ្គត់ផ្គង់ទឹកស្អាតស្របតាមស្តង់ដារគុណភាព មានសុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។”

ក្នុងរបាយការណ៍ជូនដល់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា បរិមាណនៃការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៧២% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០ លានម៉ែត្រគូបក្នុងឆ្នាំ២០២៤។ ក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរួមចំណែកផលិតប្រមាណ ៥៩% នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងយ៉ាងខ្លាំងពី ៧៨១.៩០៨ គ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ ២.៩៨២.៨៣១ គ្រួសារ ក្នុងឆ្នាំ២០២៤។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្តពង្រឹងសមត្ថភាពផលិតលើសពី១លានម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់តាំងពីចុងឆ្នាំ២០២៤ មក និងបានពង្រីកបណ្តាញចែកចាយទឹកស្អាតរបស់ខ្លួនដល់ជាង ៥ ពាន់គីឡូម៉ែត្រ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅនេះនឹងបំពេញតម្រូវការទឹកស្អាតសម្រាប់ប្រមាណ ២៣.០០០ តំណ​ សម្រាប់ទាំងគ្រួសារ អាជីវកម្ម និងតំបន់ឧស្សាហកម្ម។

ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា គម្រោងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ជប៉ុនបានបន្តគាំទ្រវិស័យទឹកនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងបានរួមចំណែកបង្កើត “អព្ភូតហេតុទីក្រុងភ្នំពេញ” ក្នុងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដែលអព្ភូតហេតុនេះត្រូវបានពង្រីកទៅកាន់ទីក្រុង និងខេត្តជាច្រើនផ្សេងទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាពិសេសតាមរយៈនយោបាយឈ្នះ-ឈ្នះ និងការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល បាននាំមកនូវនិងបានរក្សាសុខសន្តិភាពពេញលេញ និងសម្រេចបានសមិទ្ធផលធំធេងលើគ្រប់វិស័យ ទាំងនយោបាយ ការទូត សង្គម និងសេដ្ឋកិច្ច ដោយមោទនភាព និងត្រចះត្រចង់បំផុត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ពេលនេះ និងពេលខាងមុខ កម្ពុជានឹងឈានដល់វដ្ដនៃការអភិវឌ្ឍថ្មី ដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពដែលមានការប្រែប្រួល មិនច្បាស់លាស់ ស្មុគស្មាញ និងមិនប្រាកដប្រជាខ្ពស់។ ក្នុងបរិការណ៍ថ្មីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកសាងជាតិ (Nation-Building) និងការបន្តកាត់បន្ថយភាពក្រីក្រនិងលើកតម្កើងជីវភាពប្រជាជន ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ហើយក្នុងចំណោមអាទិភាពទាំងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ដ សំដៅធានាដល់ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន ជាពិសេស រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស តំបន់អាកាសយានដ្ឋាន ទីតាំងគម្រោងអភិវឌ្ឍន៍ និងសួនបណ្តុំសហគ្រាសធុនតូចនិងមធ្យម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់បន្ថែមថា «ទឹកស្អាត ជាផលិតផលសង្គមផង និងជាផលិតផលសេដ្ឋកិច្ចផង», ទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយទឹកស្អាតក៏ជាប្រភពនៃការផលិតទំនិញ និងម្ហូបអាហារដ៏សំខាន់ផងដែរ។ ការគ្រប់គ្រងទឹកស្អាត ប្រកបដោយប្រសិទ្ធភាព និងចីរភាព នឹងធានាបាននូវបរិមាណនៃការផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ គុណភាពល្អប្រសើរ ហើយរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍវិស័យទឹកស្អាត ដោយបានកែប្រែពីប្រទេសកម្ពុជាដែលខ្វះទឹកស្អាត និងមានប្រជាពលរដ្ឋតិចតួចដែលទទួលបានការប្រើប្រាស់ទឹកស្អាត មកប្រជាជនស្ទើរតែទាំងអស់ទទួលបានទឹកស្អាតមានសុវត្ថិភាព និងថ្លៃសមរម្យ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា សមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយទៀត បន្ទាប់ពីការសាងសង់រោងចក្រទឹកស្អាតបាក់ខែង ជំហានទី១ ជំហានទី២ និងជំហានទី៣ ដែលនឹងរួមចំណែកបំពេញតម្រូវការជូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ប្រមាណជាង ២៣ ០០០បណ្តាញ និងដោះស្រាយបាននូវតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាកំណើនសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ ក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញ។ បច្ចុប្បន្ននេះ សមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់តាំងពីចុងឆ្នាំ២០២៤ និងបានពង្រីកបណ្តាញបំពង់ចែកចាយទឹកសរុបជាង ៥ ០០០គីឡូម៉ែត្រ ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រសួង ស្ថាប័ន ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើការងារអាទិភាពមួយចំនួនដូចខាងក្រោម៖
ទី១-ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ធានាឱ្យបានប្រភពទឹកគ្រប់គ្រាន់ គ្មានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសម្រេចបានលក្ខខណ្ឌគោលទាំងបួនគឺ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។
ទី២-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត ទាំងនៅក្នុងនិងក្រៅទីប្រជុំជន តាមរយៈការលើកទឹកចិត្ត ដើម្បីឱ្យវិស័យឯកជនចូលរួមវិនិយោគបន្ថែម ព្រមទាំងបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងអាជ្ញាបណ្ណឱ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាពប្រតិបត្តិករឯកជន ទៅតាមលក្ខខណ្ឌ និងស្តង់ដាដែលបានកំណត់។
ទី៣-ត្រូវបន្តអនុវត្តគោលនយោបាយតម្លៃទឹកស្អាត ប្រកបដោយសមធម៌។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹង និងពង្រីកតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងទាន់ពេល សម្រាប់រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិ-ឧស្សាហកម្ម, សួនបណ្តុំសហគ្រាសធុនតូចនិងមធ្យម និងទីប្រជុំជនដែលមានសកម្មភាពសេដ្ឋកិច្ច និងនគរូបនីយកម្មរីកចម្រើនឆាប់រហ័ស។
ទី៤-លើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តកិច្ចសហការជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ សំដៅធានាឱ្យបាននូវសន្តិសុខទឹក និងដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០% នៅឆ្នាំ២០៣០។
ក្នុងឱកាសនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានស្នាដៃឆ្នើម វិជ្ជាជីវៈខ្ពស់ និងសម្រេចបានសមិទ្ធផលយ៉ាងត្រចះត្រចង់ ដោយទទួលស្គាល់ជាអន្តរជាតិក្នុងការផលិតនិងផ្គត់ផ្គង់ទឹកស្អាត ជាពិសេសក្នុងបរិការណ៍ដ៏លំបាករបស់ប្រទេសកម្ពុជានាពេលកន្លងមក។ ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រជាជននិងរដ្ឋាភិបាលជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្រុមហ៊ុនជប៉ុន ក្រុមហ៊ុន OCIC និងដៃគូអភិវឌ្ឍន៍ និងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលបារាំង សហភាពអឺរ៉ុប ធនាគារវិនិយោគអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត នឹងបន្តជួយគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានផែនការមេលើកទី៣ (២០២១-២០៣០) និងគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០% ទូទាំងប្រទេសនាពេលអនាគត។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ត្រូវបានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ ដែលសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន KKKCT មកពីប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងនេះបានទទួលហិរញ្ញប្បទានឥតសំណងចំនួន ៣.៤២១ លានយ៉េន (ប្រមាណ ២៣,២៥ លានដុល្លារអាមេរិក) ពីប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយពន្ធ និងអាករជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា៕ រក្សាសិទ្ធដោយ : សុទ្ធលី

×