វីដេអូមួយដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពគួរឲ្យភ្ញាក់ផ្អើល ខណៈដែលស្រីស្រស់ស្លៀកសិចស៊ីម្នាក់ ជិះលើខ្នងសេះទាំងកណ្តាលយប់អាធ្រាត កំពុងត្រូវបានចែករំលែកគ្នាមើលយ៉ាងផុសផុលនៅលើអ៊ីនធើរណែត ។
យោងតាម Shanghaiist នៅវេលាម៉ោង ១១ និង០០ នាទី យប់ ស្រីស្រស់ម្នាក់ស្ថិតក្នុងឈុតសម្លៀកបំពាក់ខ្មៅ១ឈុត (ខោខ្លីត្រឹមភ្លៅ, អាវកាក់ពណ៌ចំហរទ្រូង និងស្បែកជើងកវែង) ត្រូវបានប្រទះឃើញជិះលើខ្នងសេះ ស្ថិតនៅតាមបណ្តោយផ្លូវ Yan’an West បានទាក់ទាញការចាប់អាម្មណ៍ពីអ្នកបើកបរយានយន្ត និងអ្នកថ្មើរជើងជាច្រើន ។
នៅក្នុងវីដេអូ នៅពេលអ្នកថតបានសួរទៅនាងភ្លាមៗថា៖ «តើអ្វីៗដែលនាងកំពុងធ្វើជាសកម្មភាពបែបម៉េចដែរ?» ស្រីស្រស់នោះបានញញឹមដាក់ និងនិយាយថា៖ «អត់មានអ្វីទេ នេះគឺជាសត្វចិញ្ចឹមរបស់ខ្ញុំ» ។
ទោះយ៉ាងណា ហេតុការណ៍នេះនៅទីបំផុត បានលេចលឺដល់ប៉ូលីស ដែលបន្ទាប់មក ពួកគេក៏បានចុះទៅឃាត់ការធ្វើដំណើររបស់នាងនៅចំណុចផ្លូវប្រសព្វ Chongqing South និង Huaihai Middle ហើយបាននាំយកនាងទៅកាន់ប៉ុស្តិ៍ ។
យោងតាម The Paper ស្ត្រីនោះមានអាយុ ២៦ ឆ្នាំ ជាអ្នកស្រុក Shanghai ។ ប៉ុន្តែ គេពុំដឹងច្បាស់ពីមូលហេតុដែលស្រីស្រស់នេះសម្រេចចិត្ត ចរយាត្រានៅលើខ្នងសេះទាំងយប់អាធ្រាតបែបនេះទេ ។ នាងត្រូវបានអនុញ្ញាតឲ្យចាកចេញ បន្ទាប់ពីធ្វើការព្រមានយ៉ាងម៉ឺងម៉ាត់មួយ ៕ ឧត្តម