ភ្នំពេញ ៖ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលនិងរៀបចំដោយក្រុមហ៊ុន Cambodia Securities Plc. ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងដែលមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀតហើយដែលមានបំណងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង (Electric wires & cable), វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរង បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមបានឧទ្ទសនាមដោយសង្ខេបអំពីតួនាទីរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, បរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។
គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។ លោកប្រធានគណៈប្រតិភូក៏បានបញ្ជាក់ថាក្រុមហ៊ុនមិនត្រឹមតែមានគម្រោងវិនិយោគដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ ទន្ទឹមនេះ ក៏បានជម្រាបជូនដែរថាការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនក៏នឹងនាំយកបច្ចេកទេស និងបទពិសោធន៍ ព្រមទាំងចែករំលែកចំណេះដឹង និងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








