Thursday, August 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត ឆែម គាតរិទ្ធី ៖ កម្ពុជាជំរុញការផ្សព្វផ្សាយវិទ្យាសាស្ត្រសម្រាប់សង្គម

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥​ មន្ត្រីរាជការ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ​និងនិស្សិតប្រមាណ ១៣០​នាក់ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ក្រោម​ប្រធានបទ​ «ការ​ផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​សម្រាប់​សង្គម» ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

ក្នុង​ពិធី​នោះ ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​គូស​បញ្ជាក់​អំពីសារៈសំខាន់នៃ​ការផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​សម្រាប់អ្នក​រៀបចំ​គោល​នយោបាយ អ្នក​អប់រំ ធុរកិច្ច និង​សាធារណជន​ទូទៅ​។ ឯកឧត្តម​បានលើកឡើង​ថា​៖ “​ការផ្សព្វផ្សាយ​វិទ្យាសាស្ត្រ​ ដោយប្រើ​វិធីសាស្ត្រ​និទាន​រឿង (Storytelling) ធ្វើ​ឱ្យ​វិទ្យាសាស្ត្រ​មាន​លក្ខណៈ​ផ្សារភ្ជាប់នឹងមនុស្ស។”

ឯកឧត្តម​បាន​អំពាវនាវ​ឱ្យអ្នកពាក់ព័ន្ធប្រកាន់យកគោលការណ៍នៃភាព​ត្រឹមត្រូវ ទំនុក​ចិត្ត សុចរិត​ភាព និង​វិធីសាស្ត្រ​និទាន​រឿង​ ក្នុង​ការ​រៀបចំ​គោល​នយោបាយ​ដែលផ្អែកលើ​ភស្តុតាង​ច្បាស់លាស់​។

​សិក្ខាសាលា​ក៏​បានផ្តោត​លើកភាពចាំបាច់នៃការ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត ការ​កាត់បន្ថយគម្លាតចំណេះដឹង និង​ការ​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​វិស័យ​អប់រំ​ផ្នែក​ស្ទែម។ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ បាន​សង្កត់​ធ្ងន់​ថា ការ​ធ្វើទំនាក់ទំនង​ច្បាស់លាស់​ក្នុងចំណោម​អ្នក​វិទ្យាសាស្ត្រ អ្នក​រៀបចំ​គោល​នយោបាយ និង​សាធារណជន គឺ​ជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​យុគសម័យ​ឌីជីថល​នេះ​។ ដោយឡែក ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួង បាន​លើក​ឡើង​ថា ការផ្សព្វផ្សាយ​វិទ្យាសាស្ត្រដោយប្រើឧបករណ៍សោតទស្សន៍ ​ដូចជា​ infographic និង​វីដេអូ ជាមធ្យោបាយដ៏មាន​ឥទ្ធិពល​​ក្នុង​ការបង្កើតការ​យល់ដឹង​ដល់​មហាជន​។
វាគ្មិន​អន្តរជាតិ លោក​បណ្ឌិត Hideaki Ohgaki សាស្ត្រាចារ្យមក​ពី​សាកលវិទ្យាល័យ​ក្យូតូ បានន​បន្ថែម​ថា ភាព​ត្រឹមត្រូវ តម្លាភាព និង​ក្រមសីលធម៌ គឺ​ជា​កត្តា​ចាំបាច់​ ដើម្បី​កសាង​ទំនុក​ចិត្ត​របស់​សាធារណជន​មក​លើ​វិស័យ​វិទ្យាសាស្ត្រ​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×