Thursday, August 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៃអនាគតរួម រវាងកម្ពុជា-ឥណ្ឌា 

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» នារសៀលថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការតាំងពិព័រណ៍ផលិតផលឥណ្ឌាដ៏ធំបំផុត «THE BEST OF INDIA EXPO 2025» គឺជានិមិត្តរូបនៃអនាគតរួម​កម្ពុជា និងឥណ្ឌា ប្រកបដោយវិបុលភាព ការរួបរួម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ «THE BEST OF INDIA EXPO 2025» នេះ មានវត្តមានអញ្ជើញចូលរួមពី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន មន្ត្រីស្ថានទូត និងប្រធានសភាធុរកិច្ចឥណ្ឌានៅកម្ពុជា ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រធានសមាគមឥណ្ឌានៅកម្ពុជា និងតំណាងក្រុមហ៊ុនឥណ្ឌា ជាច្រើនរូបទៀត។

លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្ថាតទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង យ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណផងដែរចំពោះការជ្រើសយករាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងពាណិជ្ជកម្ម-សេដ្ឋកិច្ចនេះ។

លោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានថ្លែងថា ក្នុងបរិការណ៍បច្ចុប្បន្ន ព្រឹត្តិការណ៍ពិព័រណ៍នេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។ ពិព័រណ៍នេះ បានស្តែងឱ្យឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ហើយក៏នឹងជួយបង្កើនតម្លៃបន្ថែម ដោយនាំមកនូវកាលានុវត្តភាពរួមគ្នាលើផ្នែកពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការស្វែងរកកិច្ចសហការ ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×