Monday, August 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣ ចំណុចសំខាន់ណាស់សម្រាប់កសិដ្ឋានវារីវប្បកម្ម ខណៈឧបនាយករដ្ឋមន្ត្រីប្រចាំការ ចុះពិនិត្យ និងឱ្យពង្រឹងសមត្ថភាពបង្កើនផលិតភាព គុណភាព សេវាកម្ម និងអនាម័យ

ដើម្បីលើកកម្ពស់ បន្លែ ត្រី សាច់ ផលិតផលក្នុងស្រុក ឱ្យទទួលបានតម្លៃសមរម្យក្នុងទីផ្សារ ១-យើងទាំងអស់គ្នា ជាពិសេស មន្ត្រីជំនាញ គួរពិចារណាបិទការនាំចូលខ្លះៗ (អនុញ្ញាតដែរ ប៉ុន្តែតិចតួច) ,២- ប្រជាជនខ្មែរគប្បីបង្រួបបង្រួមគ្នាប្រកាន់ខ្ជាប់ជាតិនិយម ប្រើប្រាស់ផលិតផលក្នុងស្រុក , ៣-ផលិតផលក្នុងស្រុកគប្បីពង្រឹងគុណភាព និងអនាម័យសុវត្ថិភាព, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបំពេញបេសកកម្មជំរុញវិស័យវារីវប្បកម្ម ក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីជំរុញ និងលើកទឹកចិត្តដល់ការបង្កើនផលិតភាព ត្រី សាច់ តម្លៃ និងលើកកម្ពស់សុវត្ថិភាព។

អមដោយមន្ត្រីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ត្រីផ្នែកហិរញ្ញវត្ថុ សហគ្រិនខ្មែរ លោកអភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញលើវិស័យផ្សេងៗ មួយចំនួនផងនោះ បានផ្ដល់ប្រឹក្សាបច្ចេកទេសទៅកាន់ក្រុមអ្នកចិញ្ចឹមត្រី និងបានលើកឡើងថា ទន្លេសាប និងស្ទឹងធំៗ ដែលស្ថិតក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ គឺជាអំណោយផលដល់ការជំរុញវារីវប្បកម្មក្នុងស្រុក ក្រុមការងារបានបន្តផ្ដោត លើការសិក្សាពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការរៀបចំផែនការមេ ប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្មមួយ ជាខ្សែចង្វាក់ផលិតកម្ម ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា ចាប់ពីការផលិតពូជ ការចិញ្ចឹមការកែច្នៃផលិតផល និងការប្រកួតប្រជែង ក្នុងគោលដៅលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក និងគាំទ្រផលិតផលក្នុងស្រុក សំដៅបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច, បង្កើតឱកាសការងារ, ប្រាក់ចំណូលបន្ថែម និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ក៏ដូចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែរស់រវើក និងជវភាពធូរធារ។

កសិដ្ឋានវារីវប្បកម្មរបស់ពលរដ្ឋខ្មែរនេះ មានច្រើនកន្លែង ស្ថិតក្នុងឃុំចំណាក្រោម ឃុំសំព្រោជ ឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ, ការផលិត រួមមាន ខ្នាតមធ្យម និងលក្ខណៈគ្រួសារ ដូចជា ការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ ត្រីប្រា ត្រីពោ, សិប្បកម្មកែច្នៃត្រីងៀត, កន្លែងទទួលទិញ បង្កក ចែកចាយ និងនាំចេញផលនេសាទធម្មជាតិ, ជាមួយនេះក៏មាន សិប្បកម្មធ្វើប្រហុក ផ្អក ពងទាប្រៃ ពងទាសាប ពងទាកូន , ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ជារួមពួកគាត់បានជួបនូវបញ្ហាប្រឈមមួយចំនួន ដូចជា ពូជត្រី ចំណីត្រី ការទទួល និងប្រើប្រាស់ ហិរញ្ញប្បទាន បច្ចេកទេសចិញ្ចឹម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត និងបញ្ហាទីផ្សារ ព្រមទាំងបញ្ហាការប្រកួតប្រជែងជាមួយនឹងការនាំចូលត្រីពីប្រទេសជិតខាង។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជំរុញដល់ប្រជាកសិករ អ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ ចែកចាយ និងនាំចេញព្រមទាំងសិប្បកម្មកែច្នៃ ឱ្យពង្រឹងសមត្ថភាពបង្កើនផលិតភាព គុណភាព និងសេវាកម្ម ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ ស្ដង់ដារទីផ្សារ និងត្រូវចេះសហការគ្នា ឱ្យក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក និងជាខ្សែចង្វាក់ផលិតកម្មដ៏រឹងមាំ មានភាពទាក់ទាញ និងមានតម្លៃបន្ថែមកាន់តែខ្ពស់ ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងទាំងបរិមាណ និងគុណភាព៕ ពិសិដ្ឋ CEN

×