Wednesday, August 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ជំរុញការចាប់យកនវានុវត្តន៍ និងស្តង់ដាក្នុងការអភិវឌ្ឍឧស្សាហកម្មស្រូវអង្ករកម្ពុជា

ភ្នំពេញ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីនៃនវានុវត្តន៍ និងស្តង់ដា ក្នុងការពង្រឹងឧស្សាហកម្មស្រូវអង្កររបស់កម្ពុជា នៅក្នុងពិធីបិទមហាសន្និបាតរបស់សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តមបានអបអរសាទរចំពោះថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ និងការដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០”។

ឯកឧត្តមបានលើកឡើងថា៖ “សមត្ថភាពផលិតស្រូវអង្ករ ការកិន និងការកែច្នៃទៅជាផលិតផលមានតម្លៃបន្ថែម ដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ព្រមជាមួយភាពប្រជែងឈ្នះផ្សេងទៀត និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ គឺជានិមិត្តរូបនៃមោទនភាពសម្រាប់វិស័យដ៏មានសារៈសំខាន់នៃសេដ្ឋកិច្ចជាតិ។”

ឯកឧត្តមបានរំលេចការរួមចំណែករបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់ឧស្សាហកម្មស្រូវអង្ករ រួមទាំងការងារសុវត្ថិភាពនិងបច្ចេកទេសផលិតកម្ម ការលើកកម្ពស់ផលិតភាពតាម រយៈគ្រឿងម៉ាស៊ីនទំនើបៗ និងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសធុនតូចនិងមធ្យម។

ឯកឧត្តម ហែម វណ្ណឌី បានជំរុញ និងលើកទឹកចិត្តក្រសួង-ស្ថាប័ន ដែលជាប្រធានគណៈកម្មការបច្ចេក​ទេសពាក់ព័ន្ធឧស្សាហកម្មស្រូវអង្ករនៃក្រុមប្រឹក្សាស្តង់ដារជាតិ និងផ្នែកឯកជន ឱ្យចូលរួមអភិវឌ្ឍស្តង់ដាថ្មីៗបន្ថែមទៀតសម្រាប់ផលិតផលអង្ករ និងស្រឡាយផលិតផលពីអង្ករ។

កំណែទម្រង់ថ្មីៗរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និងនវានុវត្តន៍ ដូចជាការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានសមត្ថភាពធ្វើតេស្តវិភាគជាអន្តរជាតិ និងការសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ មានគោលដៅបង្កើនភាពប្រកួតប្រជែង និងជំរុញការនាំចេញ រួមទាំងផលិតផលអង្កររបស់កម្ពុជា។

ឯកឧត្តមបានបន្ថែមថា ក្រសួងក៏បានតម្រង់ទិស និងកំណត់យក “បច្ចេកវិទ្យាម្ហូបអាហារ” ជាអាទិភាពមួយរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រសួងក៏កំពុងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន វិស័យឧត្តមសិក្សាស្រាវជ្រាវ និងវិស័យសាធារណៈនានា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការពង្រឹងសក្តានុពលនៃវិស័យកសិឧស្សាហកម្ម ចំណីអាហារ ភេសជ្ជៈ និងលើកម្ពស់អធិបតេយ្យភាពស្បៀងអាហារ និងសន្តិសុខស្បៀងរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×