សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) បានថ្លែងឱ្យដឹងក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ថា នាពេលកន្លងមក សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ចូលរួមការងារសង្គមផ្សេងៗ អភិវឌ្ឍន៍ធនធានមនុស្ស បណ្តុះបណ្តាលជំនាញសហគ្រិនភាពដល់ពលរដ្ឋសកម្មវ័យក្មេងនៅកម្ពុជា ហើយទន្ទឹមគ្នានេះដែរ ក៏ស្នើសុំនូវការគាំទ្រពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបន្ថែមទៀត ដើម្បីជាបង្គោលនាំយកជំនាញទៅបណ្ដុះបណ្ដាលបន្ត។
ការលើកឡើងបែបនេះ របស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាន លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) និងក្រុមការងារជាច្រើនរូបទៀត នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។
លទ្ធផលលីការពិភាក្សា លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រី ហេង សួរ ដែលបានផ្ដល់នូវការគាំទ្រលើកិច្ចសហប្រតិបត្តិការនានា ដើម្បីផ្ដល់ឱកាសឱ្យក្រុមការងាររបស់លោក បន្តបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលជំនាញសហគ្រិនភាព ដល់ពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា ដោយផ្ដោតលើកម្រិតវិទ្យាល័យ ដើម្បីចូលរួមការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សំដៅជួយលើកស្ទួយការផលិតផលក្នុងស្រុក និងបង្កើនឱកាសទទួលបានការងាររបស់យុវជន និងពលរដ្ឋខ្មែរ។
លោករដ្ឋមន្ត្រី ហេង សួរ បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ JCI Cambodia ក្នុងការបន្តរួមចំណែកអភិវឌ្ឍន៍សង្គមកម្ពុជា ជាពិសេសផ្តល់សិទ្ធិអំណាចដល់យុវជន តាមរយៈការចូលរួមការងារសង្គម ការបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ថា មានបណ្ដាញក្រុមហ៊ុនច្រើនជាសមាជិកជួយផ្សព្វផ្សាយ និងបង្កើនឱកាសការងារជូនដល់បងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ JCI Cambodia ដើម្បីបន្តចែករំលែក ការអភិវឌ្ឍធនធានមនុស្សវ័យក្មេង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងគាំទ្រដល់ការបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំង រវាងក្រសួង និង JCI Cambodia និងក៏ដើម្បីពលរដ្ឋខ្មែរ យុវជនខ្មែរ មានចំណេះជំនាញវិជ្ជាជីវៈ ស្វែងរកការងារបានធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ៕ ពិសិដ្ឋ CEN








