ក្រសួងទេសចរណ៍ និងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនោះមានការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង សំដៅជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសកម្ពុជា ខេត្តយូណាន និងអន្តរជាតិ មកទស្សនានៅគោលដៅទេសចរណ៍នៃតំបន់ទាំងពីរ ខេត្តយូណាន និងកម្ពុជា។
ការពង្រឹងពង្រីកវិស័យទេសចរណ៍នេះ ធ្វើឡើងក្នុងពេលដែល គណៈប្រតិភូសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណាន ដែលរួមមាន តំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិធំ ដូចជា Trip.com ដឹកនាំដោយ លោក MA Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន អញ្ជើញចូលជួបពិភាក្សាការងារ ផ្លាស់ប្តូរទស្សនៈស៊ីជំរៅ និងផ្លាស់ប្តូរបទពិសោធ ជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន។
ជាការពង្រីកវិស័យទេសចរណ៍ ភាគីទាំងពីរបានឯកភាពអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ជាក់ស្តែង តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងព័ត៌មានពិត ពីកត្តាសុខសុវត្ថិភាព ប្រឆាំងព័ត៌មានក្លែងក្កាយ ក៏ដូចជាឯកភាពសហការរៀបចំ FAM Trip ដោយមានសមាសភាពសហគ្រាសទេសចរណ៏ បណ្តាសារព័ត៌មាន វិនិយោគិន និង Influencers ល្បីៗ ពីខេត្តយូណាន ដឹកនាំដោយមន្ទីរវប្បធម៌ និងទេសចរណ៍ មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍ និងវិនិយោគនៅកម្ពុជា ព្រមទាំងជួបប្រជុំពិភាក្សាបង្កើតកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍កម្ពុជានាពេលឆាប់ៗនេះ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

















