ទីក្រុងមែលប៊ន, ប្រទេសអូស្ត្រាលី៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើររួមមានក្រសួង ស្ថាប័នកម្ពុជា និងផ្នែកឯកជនកម្ពុជា-អូស្ត្រាលីជាច្រើនរូប ធ្វើទស្សនកិច្ចស្វែងយល់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មែលប៊ន (Melbourne Convention and Exhibition Centre – MCEC)។
ក្រុមហ៊ុន Plenary Group គឺជាក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯករាជ្យដ៏លេចធ្លោមួយ ដែលមានជំនាញក្នុងការអភិវឌ្ឍ វិនិយោគ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសគម្រោងនៅក្រោមទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships – PPP)។ Plenary Group មានទីស្នាក់ការកណ្តាលនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី និងមានប្រតិបត្តិការទូទាំងពិភពលោក រួមមាននៅអាម៉េរិក អូស្ត្រាលី នូវែលហ្សេឡង់ អាស៊ី មជ្ឈិមបូព៌ា និងចក្រភពអង់គ្លេស។ ក្រុមហ៊ុននេះផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ផលចំណេញរយៈពេលវែង និងមានស្ថិរភាព ហើយគំរូអាជីវកម្មរបស់ពួកគេគឺគ្របដណ្តប់លើគ្រប់ដំណាក់កាលនៃគម្រោង ចាប់ពីការរចនា ការសាងសង់ ការផ្តល់ហិរញ្ញប្បទាន រហូតដល់ការគ្រប់គ្រង និងថែទាំរយៈពេលវែង។ ក្រុមហ៊ុនបានចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រភេទ រួមមាន៖ មន្ទីរពេទ្យ, សាលារៀន, តុលាការ, មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ MCEC, ផ្លូវថ្នល់, ផ្លូវរថភ្លើង (Sydney Metro), ប្រព័ន្ធដឹកជញ្ជូនសាធារណៈ, និងការគ្រប់គ្រងទឹក និងកាកសំណល់។
តាមរយៈជំនួបនាព្រឹកនេះដែលបានប្រព្រឹត្តទៅដោយផ្ទាល់នៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មែលប៊ន (MCEC) ក្រុមហ៊ុន Plenary Group បានរៀបចំឱ្យមានដំណើរទស្សកិច្ចស្វែងយល់ អមដោយការធ្វើបទបង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធនានារបស់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មួយនេះ។ ក្នុងឱកាសនៃទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ស្រដៀងគ្នានេះនៅក្នុងប្រទេសកម្ពុជាផងដែរ។
គួរកត់សម្គាល់ថា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ MCEC គឺជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំ និងល្បីល្បាញបំផុតមួយនៅប្រទេសអូស្ត្រាលី មានទីតាំងស្ថិតនៅកណ្តាលទីក្រុងមែលប៊ន ជាប់នឹងទន្លេ Yarra River ដែលផ្តល់លក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ MCEC ត្រូវបានគ្រប់គ្រង និងដំណើរការដោយ Melbourne Convention and Exhibition Trust ដែលជាស្ថាប័នរដ្ឋមួយរបស់រដ្ឋបាលរដ្ឋវីកតូរៀ ដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មួយដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានលក្ខណៈស្និទ្ធស្នាលនឹងបរិស្ថានប្រកបដោយចីរភាព តាមរយៈការចាត់ចំណាត់ថ្នាក់ដោយ 6 Star Green Star Environmental Rating។ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ MCEC មានទីតាំងធំទូលាយ និងធ្លាប់បានប្រើប្រាស់សម្រាប់រៀបចំ ព្រឹត្តិការណ៍ជាច្រើនប្រភេទដូចជា៖ សន្និបាត និងសន្និសីទអន្តរជាតិ, ពិព័រណ៍ និងការតាំងបង្ហាញផលិតផល នវានុវត្តន៍បច្ចេកវិទ្យា និងសេវាកម្មថ្មីៗ, ការប្រគំតន្ត្រី និងកម្មវិធីកម្សាន្តកម្រិតជាតិ និងអន្តរជាតិ, ពិធីជប់លៀង និងកម្មវិធីជួបជុំផ្គូផ្គងអាជីវកម្មនានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី











