ខេត្តកំពង់ចាម: ក្រោយពីបានតាមដានយកចិត្តទុកដាក់សម្រាប់ការងារជូនដល់ពលរដ្ឋក្រីក្រនិងពលករចំណាកស្រុកមកពីថៃដោយទទួលបានប្រាក់ខែពេលដែលចុះឈ្មោះចូលរៀនលើមុខជំនាញបច្ចេកទេសណាមួយដែលខ្លួនពេញចិត្ត។ជាក់ស្ដែងនៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអអយ្យការអមសាលាដំបូងខេត្ត និងសហការី បានអញ្ជេីញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមដោយផ្ទាល់ ក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម សំដៅពួកគាត់ឲ្យមានជំនាញច្បាស់លាស់ទៅប្រកបអាជីវកម្មរៀងៗខ្លួន។
បន្ទាប់ពីជួបសំណេះសំណាល និងស្វែងយល់ពី សកម្មភាពការងារជំនាញខាងលើ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស និងកំពុងអនុវត្តន៍ផ្ទាល់លេីជំនាញជួសជុលម៉ូតូ និងរថយន្តនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានចប់ដេីម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង ឬធ្វេីឲ្យគេ ដេីម្បីកាត់បន្ថយភាពក្រីក្រផង និងលេីកស្ទួយជីវភាពក្នុងគ្រួសារឲ្យកាន់តែល្អប្រសេីរឡើង។
លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានបន្តចុះផ្សព្វផ្សាយផ្ទាល់នៅតាមមូលដ្ឋានដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ស្តីពីការចុះឈ្មោះចូលរៀនវគ្គជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមនិងបានសហការជាមួយមន្ទីរការងារក្នុងការផ្សព្វផ្សាយពីឱកាសដែលតាមបណ្តាក្រុមហ៊ុនចុះទៅធ្វេីវេទិកាការងារដល់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងពលករមកពីថៃ។ លោកនាយកវិទ្យាស្ថានបន្ថែមទៀតថា សម្រាប់ពលករមកពីប្រទេសថៃ និងយុវជនមកពីគ្រួសារក្រីក្រក្នុងខេត្តកំពង់ចាម ពួកគេមកចុះឈ្មោះចូលរៀនវគ្គចំណេះជំនាញបច្ចេកទេសគឺមានកម្រិតតិចតួចបំផុត ប៉ុន្តែអ្វីដែលពួកគេចង់បានគឺចង់បានធ្វេីការងារទទួលបានប្រាក់ខែភ្លាមៗតែម្តង។
ដោយឡែកលោកចេង ហៀងប្រធានមន្ទីរការងារខេត្តបានប្រាប់ឲ្យដឹងដែលថា ចំពោះពលករចំណាកស្រុកវិលមកពីប្រទេសថៃមានប្រុសស្រីនៅក្នុងខេត្តកំពង់ចាមសរុបទាំងអស់ជាង៦០០០នាក់ ក្នុងនោះសាលាបច្ចេកទេសមិនទាន់បានចូលរៀននៅឡើយទេ។តែអ្នកផ្សេងមានការងារធ្វើតាមបណ្ដារោងចក្រ សហគ្រាសនានាក្នុងខេត្តកំពង់ចាម ប្រមាណជិត១៥០០នាក់ ដែលតួលេខគ្រប់គ្រងបានជាមួយនោះក៏មានអ្នកខ្លះទៀតបានស្វះស្វែងរកការងារដោយខ្លួនឯងទៀតផង។ ចំពោះប្រាក់បៀវត្សប្រចាំខែវិញបើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងគឺប្រហាក់ប្រហែលគ្នា។ដូច្នេះក្នុងនាមរូបលោកជាប្រធានមន្ទីរការងារសំណូមពរធ្វើយ៉ាងណាឱ្យបងប្អូនពលករប្រឹងរកការងារនៅក្នុងស្រុក ដែលជួបជុំប្រពន្ធកូនញាតិសន្ដានប្រសើរជាងធ្វើការងារនៅប្រទេសថៃ ដើម្បីជៀសវាងកុំឲ្យជួបបញ្ហាហានិភ័យផ្សេងៗ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









