ភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី«ការវាយតម្លៃ និងទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ» ដើម្បីឈានទៅការដាក់ឱ្យអនុវត្តចលនាប្រឡងប្រណាំង ការផ្តល់សេវាកសិកម្មនៅមូលដ្ឋានរបស់មន្រ្តីកសិកម្មឃុំ សង្កាត់ឱ្យបានកាន់តែល្អប្រសើរជូនប្រជាជន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន, គណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ, អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ និង ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អនុក្រឹត្យនេះ កំណត់អំពីគោលការណ៍ នីតិវិធី និងយន្តការនៃការវាយតម្លៃ និងការទទួលស្គាល់មន្រ្តីកសិកម្មឃុំ-សង្កាត់គំរូ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាកសិកម្មនៅមូលដ្ឋានជូនប្រជាជន។ ការវាយតម្លៃ និងការទទួលស្គាល់មន្រ្តីកសិកម្មឃុំ-សង្កាត់គំរូ ត្រូវអនុវត្តឈរលើគោលការណ៍ សុក្រឹត្យភាព តម្លាភាព និងសមិទ្ធកម្មរបស់មន្រ្តី ដោយធ្វើការពិនិត្យ និងវាយតម្លៃផ្អែកលើលក្ខណៈវិនិច្ឆ័យគោល ទាំង៧ រួមមាន៖ (១)ការចងក្រងស្ថិតិកសិកម្ម, (២)ការកំណត់បញ្ហាប្រឈមផ្នែកកសិកម្មក្នុងភូមិសាស្រ្ត, (៣)ចំនួនកសិករដែលបានទទួលសេវាកសិកម្មធៀបជាមួយកសិករសរុបក្នុងឃុំ, (៥)កំណើនផលិតកម្មកសិកម្ម, (៦)ការអភិវឌ្ឍសមត្ថភាពជាប្រចាំ និង (៧)ការជំរុញឧត្តមានុវត្តន៍និងនវានុវត្តន៍កសិកម្ម។
សូមជម្រាបថា ការជំរុញចលនាប្រឡងប្រណាំងមន្រ្តីកសិកម្មឃុំ-សង្កាត់គំរូនេះ គឺជាការរៀបចំអនុវត្តនូវការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់គាំទ្រការសម្រេចគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១៕រក្សាសិទ្ធដោយ៖សុទ្ធលី









