Friday, September 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម សម្រាប់ធានាលើកម្ចី

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្ដល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គមសម្រាប់ធានាលើកម្ចី។

កន្លងមក ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សង្កេត ឃើញថា មាននីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ដែលធ្វើឡើងដោយគ្មាន ការអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច ក្រោមរូបភាពផ្សេងៗដូចជា៖ លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចី ដោយផ្ទាល់ និងតាមអនឡាញ ជាដើម។ ក្នុងនោះបុគ្គលមួយចំនួន ថែមទាំងធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ រៀបចំខសន្យាមិនសុចរិត និងកេងចំណេញហួសហេតុ ព្រមទាំងរក្សាទុកឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ធានាកម្ចីទៀតផង។

សកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចត្រូវផ្តន្ទាទោស និងដាក់ពិន័យតាមច្បាប់ជាធរមាន។
យោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មាត្រា២ បានចែងថា ការផ្តល់ឥណទានគ្រប់ប្រភេទ ចំពោះសាធារណជន ដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបាន ចាត់ទុកថាបានធ្វើអាជីវកម្មធនាគារ។ រាល់ការប្រកបអាជីវកម្មធនាគារនិងហិរញ្ញវត្ថុ ត្រូវស្នើសុំ និងទទួលបាន អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធរអាណាព្យាបាល មុននឹងអាចផ្តល់សេវាកម្ម ជូនសាធារណជនបាន។ ផ្អែកតាមមាត្រា៥៥ បានកំណត់បញ្ជាក់ថា «បុគ្គលណាជាឯកត្តជនក្ដី ឬក្នុងនាមជាអង្គភាពក្តី ដែលយកប្រតិបត្តិការធនាគារជាវិជ្ជាជីវៈជាប្រក្រតី និងសម្រាប់សាធារណជនដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី មួយឆ្នាំ (១ឆ្នាំ) ដល់ប្រាំឆ្នាំ (៥ឆ្នាំ) និង ពិន័យជាប្រាក់ពី ប្រាំលានរៀល (៥.០០០.០០០៛) ដល់ ពីររយហាសិបលានរៀល (២៥០.០០០.០០០៛) ឬ ទណ្ឌកម្មតែមួយក្នុងចំណោមទណ្ឌកម្មទាំងពីរ ដោយមិនទាន់ គិតដល់ការបិទគ្រឹះស្ថានផង»។

ទន្ទឹមនេះ ការធ្វើអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន ត្រូវស្នើសុំនិងទទួលបានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ យោងតាម ប្រការ៣៣ នៃប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន « ការធ្វើអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណ ឬ ការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ ឡើងទៅ ត្រូវរងទទួលការផាកពិន័យពី ន.អ.ប. ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវបញ្ឈប់សកម្មភាព អាជីវកម្មជាបន្ទាន់។ ការធ្វើអាជីវកម្មបញ្ចាំ ឬអាជីវកម្មប្រាតិភោគដោយអនុប្បទានដោយគ្មានលិខិតអនុញ្ញាត អាជីវកម្ម ឬការប្រើប្រាស់លិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ ឡើងទៅ ត្រូវទទួលរង ការផាកពិន័យពីមន្ទីរ ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវបញ្ឈប់ សកម្មភាពអាជីវកម្មជាបន្ទាន់។ ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង»។

ដោយឡែក ការទទួលយក អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ ប័ណ្ណសមាជិក ប.ស.ស ដើម្បីដាក់ធានាកម្ចី គឺពុំស្របតាមស្មារតីក្រមរដ្ឋប្បវេណី ព្រោះថាឯកសារទាំងនេះ ពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ សកម្មភាពពាណិជ្ជកម្ម ហើយក៏ពុំអាចយកមកដាក់ធានាកម្ចីបានឡើយ។ យោងតាមច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាត្រា១២៩ « អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ជាឯកសារផ្លូវការ មួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ញាតិខ្មែរ ដោយមិនអនុញ្ញាតឱ្យធ្វើការផ្ទេរពី
បុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្សបានឡើយ»។

ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមក្រើនរំលឹកជាថ្មី ម្ដងទៀតដល់នីតិបុគ្គល ឬរូបវន្តបុគ្គលឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដូចដែលបានរៀបរាប់ខាងលើ។ ក្នុងករណីនៅតែបន្តសកម្មភាពល្មើសនឹងបម្រាមខាងលើនេះ នីតិបុគ្គល ឬរូបវន្តបុគ្គលនោះ នឹងត្រូវទទួលរង ទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×