ខេត្តពោធិ៍សាត់៖ ដោយទទួលបទបញ្ជា យ៉ាងមុឺងម៉ាត់ និងមតិចង្អុលការដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤៖៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលព័ត៌មានពីឈ្មោះ រស់ សាវុធ អនុប្រធានភូមិអន្លង់មាន ថា៖ មានប្រជាពលរដ្ឋដើរកាត់ទំពាំងឬស្សីព្រិច ឃើញមានមនុស្សដេកស្លាប់មាននៅសល់តែឆ្អឹងនៅក្នុងព្រៃសហគមន៍ខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ និង កម្លាំងផ្នែកជំនាញស្រុកបាកាន ដឹកនាំដោយលោកវរសេនីយទោ សុង គឹមសែ អធិការស្តីទី នៃធិការដ្ឋាននគរបាលស្រុកបាកាន បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកគ្រូពេទ្យកោសល្យវិច្ច័យនៃមន្ទីរពេទ្យខេត្តពោធិ៍សាត់ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព (សពមានតែគ្រោងឆ្អឹង)។
តាមការបំភ្លឺពី ឈ្មោះ ណយ នាង ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ខ្លួនបានបាត់កូនស្រីបង្កើត ឈ្មោះ នាង ណាក ហៅ ចាន់ណា (ប្រពន្ធ) អាយុ២៤ឆ្នាំ ប្ដី ឈ្មោះ វិសាល ធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនទីតាំង១០ហិចតា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានបាត់ខ្លួនកាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ដោយមុនពេលបាត់ខ្លួនកូនស្រីខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី រឿងប្ដីប្រច័ណ្ឌ។
តាមការមើលក្នុងឃ្លីបវីដេអូរបង្ហោះតាមហ្វេសបុក កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នារីឈ្មោះ នាង ណាក ហៅ(ចាន់ណា) ពាក់ស្បែកជើងស៊កពណ៌ស មានបូតុក្កតា ពណ៌រាងក្រហម ស្លៀកខោខៅប៊យជើងវែងពណ៌ក្រហម អាវក្រៅដៃវែង។
តាមការពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសពនៅកន្លែងកើតហេតុ សពមានតែគ្រោងឆ្អឹង សំលៀកបំពាក់ខោអាវនិងស្បែកជើង មានភិនភាគដូចក្នុងឃ្លីបវីដេអូខាងលើ ដោយសពមានខ្សែសាកទូរសព្ទមានប្រវែង ១.៦០ម៉ែត្រ រិតកនិងថង់ខ្មៅធំទំហំ៩០×១២០គ្របពីលើសាកសព ស្ដ្រីរងគ្រោះជាប្រពន្ធ ។
តាមការស្រាវជ្រាវជុំវិញរឿងហេតុខាងលើ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ឈ្មោះ សុខ វិសាល ត្រូវជា(ប្ដី)ជនរងគ្រោះ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៨៖១៥នាទី កម្លាំងសមត្ថកិច្ចបានចុះទៅនាំ ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជា(សន្តិសុខ)ក្រុមហ៊ុនចិន១០ហិតា ស្រុកវាលវែង មានទីលំនៅភូមិតាម៉ោលី ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធ៍សាត់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ ដោយឈ្មោះ សុខ វិសាល បានសារភាពថា ៖ ខ្លួនពិជាបានធ្វើសកម្មភាពយកខ្សែឌុយសាកទូរស័ព្ទរឹតករបស់ប្រពន្ធខ្លួន ឈ្មោះ នាង ណាក ហៅ (ចាន់ណា) នៅព្រែព្រិចស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី ដោយមូលហេតុ (ប្រច័ណ្ឌប្រពន្ធ)។
ជនសង្ស័យ ឈ្មោះ សុខ វិសាល ធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល អវិជ្ជមាន ( – ) និងបានឃាត់ខ្លួនតាមបញ្ជា ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញនិតិធីចាត់ការបន្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





