ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិនៅកម្ពុជា រៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ មានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវបានសម្របសម្រួលដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា។
កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពអាទិភាពចំនួន ២២ ដែលបានអនុម័តក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ បន្ថែមលើនេះ ការសន្ទនានេះក៏បានបង្ហាញពីការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួនពីរ៖ (១) កិច្ចការពារអតិថិជន និង (២) ក្របខ័ណ្ឌលើកទឹកចិត្ត ដែលរួមបញ្ចូល ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់កម្ចី និងការប្រមូលកម្ចីត្រលប់មកវិញ។ គួររំលេចផងដែរថា បន្ទាប់ពីកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា នឹងចេញសេចក្តីថ្លែងការណ៏រួម ស្តីពី លទ្ធផលនៃកិច្ចសន្ទនានេះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









