Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន សរសើរអង្ករកម្ពុជាបាយឆ្ងាញ់ ស័ក្ដិសមនឹងតម្លៃពិភពលោកផ្ដល់ឱ្យ និងកំពុងពិចារណាធ្វើពាណិជ្ជកម្មនាំចេញទៅកាន់ទីផ្សារហ្វីលីពីន

ភ្នំពេញ ៖ ក្នុងដំណេីរទស្សនកិច្ច ពិនិត្យមើលការដាំស្រូវ និងអង្ករបាយឆ្ងាញ់របស់កម្ពុជា លោក Francisco P.Tiu Laurel រដ្ឋមន្រ្តីក្រសួងកសិកម្ម​ននៃសាធារណរដ្ឋហ្វីលីពីន បានថ្លែងអំណរគុណដល់​ លោក ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ដែលជាអ្នកដឹកនាំ និងជូនដំណើរទស្សនកិច្ច ហើយថា ការបង្ហាញអំពីស្រូវ-អង្ករកម្ពុជា ព្រមទាំងបច្ចេកទេសផលិត គឺជាការផ្តល់ធាតុចូលសំខាន់អំពីកសិផលសក្តានុពលកម្ពុជា​ មានគុណភាពល្អ​ និងរសជាតិឆ្ងាញ់​ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេស​ហ្វីលីពីន​បាន និងជំរុញកសិ-ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ពោលគឺ កំពុងស្ថិតក្នុងការពិចារណានាំចេញទៅកាន់ប្រទេសហ្វីលីពីន។

ការមើលឃើញ និងងវាយតម្លៃខ្ពស់ពីគុណភាពស្រូវ-អង្ករកម្ពុជានាពេលនេះពីសំណាក់ហ្វីលីពីន គឺធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២៥​ ក្នុងឱកាសដែល លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញ​នាំ លោក Francisco P.Tiu Laurel  រដ្ឋមន្រ្តីក្រសួងកសិកម្ម​នៃសាធារណរដ្ឋហ្វីលីពីន​ បំពេញទស្សនកិច្ចនៅឯ ក្រុមហ៊ុន​ ខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនេីប ត្រាំកក់​ ស្ថិតក្នុងខេត្តកំពង់ស្ពឺ​ និងខេត្តតាកែវ។ 

ក្នុងដំណេីរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តី​ទាំងពីររូប​ និងគណៈប្រតិភូអមដំណេីរ​ បានចុះត្រួតពិនិត្យរោងម៉ាសុីនកិនស្រូវ ដឹងភ្លក់បាយដណ្ដាំពិអង្ករកម្ពុជា​ ហើយខាងភាគីហ្វីលីពីនទទួលស្គាល់ថា ពិតជាមានរសជាតិឆ្ងាញ់, ហើយខាងភាគីកម្ពុជា បានធ្វេីបទបង្ហាញផ្តោតសំខាន់ទៅលេីពូជស្រូវ ផ្ការំដួល​ សែនក្រអូប និងស្រងែ​ ជាពូជស្រូវក្នុងស្រុក​​ ដាំដុះដោយសហគមន៍កសិកម្ម​ទំនេីប​ ក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម​ និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីនផងដែរ។

លោករដ្ឋមន្ត្រី ឌិត​ ទីណា​ បានអញ្ជេីញនាំគណៈប្រតិភូហ្វីលីពីន​ បន្តចុះត្រួតពិនិត្យកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនេីបត្រាំកក់​ ដែលផ្តោតទៅលេីផលិតកម្មដំណាំបន្លែជាច្រេីនប្រភេទ​ រួមមាន : បន្លែស្លឹក​ ខាត់ណាដេីម​ ប៉េងប៉ោះ ឈេីរី ។ល។ ដែលមានតម្រូវការ​ផងដែរ។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់គេហទំព័រ Southeast Asia Statistic ដែលជាអ្នកកត់ត្រា និងតាមដានពីទិន្នន័យនានាក្នុងតំបន់អាស៊ាន និងក្រៅតំបន់ បានបង្ហាញរបាយការណ៍ថា កម្ពុជាជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ថ្នាក់ទី១០ ក្នុងពិភពលោក កាលពីឆ្នាំ២០២៣ ជាមួយនឹងទំហំនាំចេញជិត ៦លានតោនក្នុងមួយឆ្នាំ។

អង្ករក្រអូបប្រណីតកម្ពុជា ម៉ាក «ម្លិះអង្គរ» បានឈ្នះពានរង្វាន់ ជា «អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក» សាជាថ្មី ដែលត្រូវបានប្រកាសក្នុងសន្និសីទស្រូវ-អង្ករពិភពលោក នៅរដ្ឋធានីម៉ានីល ប្រទេសហ្វ៊ីលីពីន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសព័ត៌មាននេះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថា នេះជាលើកទី៦ហើយ ដែលអង្ករខ្មែរម៉ាក «ម្លិះអង្គរ» ជាប់ចំណាត់ថ្នាក់លេខ១ ជាអង្ករល្អជាងគេលើពិភពលោក (World Best Rice)។

សហព័ន្ធស្រូវអង្ករកម្ពុជា​ បានចាត់ទុកជោគជ័យនេះថា ជាគុណបំណាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារបច្ចេកទេស និងប្រជាកសិករ ដែលបានខិតខំឱ្យកម្ពុជា ប្រែពីប្រទេសខ្វះស្បៀងនៅទសវត្សរ៍ឆ្នាំ៧០ ដល់ទសវត្សរ៍៩០ ហើយក្លាយជាប្រទេសផលិត និងមានអតិរេកនាំចេញ។

ជាមួយគ្នានេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់គោលដៅ មានជាង ៥២ប្រទេស និងតំបន់ ជាក់ស្តែងទីផ្សារធំៗមានដូចជា ៖ អាម៉េរិក ចិន ប្រទេសតំបន់អឺរ៉ុប អាស៊ី និងក្នុងតំបន់អាស៊ីអាគ្នេយ៍ជាដើម។ កម្ពុជា ក៏បាននាំអង្ករចេញទៅប្រទេសក្បែរខាងក្នុងតំបន់ផងដែរ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×