ក្រុមហ៊ុនកម្ពុជា Nongde Agricultural Development Co., Ltd និង ក្រុមហ៊ុនចិន Zhengzhou Chen’s Sun Fruit and Vegetable Co., Ltd មកពីខេត្តហឺណាន ប្រទេសចិន បានចុះអនុស្សារណៈលើកិច្ចព្រមព្រៀង ជំរុញការនាំចេញបន្លែ និងផ្លែឈើកម្ពុជា ទៅកាន់ទីផ្សារខេត្តហឺណាន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ ក្នុងរយៈពេល២ឆ្នាំខាងមុខ, ពិធីនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេល លោក Zheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហឺណាន។
លោកស្រី ចម និម្មល បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោក Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាង កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងទិសដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហឺណាន ជាពិសេសលើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា។
គួរបញ្ជាក់ថា ចលនាជំរុញពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានហក់ឡើងជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺ ឈានដល់ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មប្រទេសទាំង២ សម្រេចបានក្នុងទឹកប្រាក់ ១២ ២៦៤លានដុល្លារអាមេរិក កើន ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ចំពោះការនាំចេញរបស់កម្ពុជានាឆ្នាំនោះ គឺមាន ១ ៤៧៨លានដុល្លារអាមេរិក កើន ១៩,២ភាគរយ។ ដោយឡែក ការនាំចូលវិញ កើនត្រឹម ៣,៣ភាគរយប៉ុណ្ណោះ ដែលមានក្នុងទំហំទឹកប្រាក់ ១០ ៧៨៦លានដុល្លារអាមេរិក។
ក្នុងឆ្នាំ២០២៤ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន បានឡើងខ្លាំង រហូតដល់ ១៥ ១៨៩លានដុល្លារអាមេរិក កើន ២៣ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញ មាន ១ ៧៥០លានដុល្លារអាមេរិក កើន ១៨ភាគរយ ខណៈការនាំចូលមកវិញ ១៣ ៤៣៩លានដុល្លារអាមេរិក កើន ២៤,៦ភាគរយ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ឋកម្មទំនិញរបស់កម្ពុជាជាមួយប្រទេសដៃគូពាណិជ្ជកម្ម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN













