តាមគេហទំព័រ Express បានដកស្រង់ដម្តីរបស់មន្ត្រីមានសមត្ថកិច្ចនៃរដ្ឋហាវ៉ៃ ប្រទេសអាមរិក កាលពីថ្ងៃទី ២៧/១១ ឲ្យដឹងថា រដ្ឋនេះបានរៀបចំស្តារឡើងនូវប្រព័ន្ធស៊ឺរ៉ែន ប្រកាសអាសន្នដើម្បីបង្ការទុកជាមុនចំពោះទង្វើគំរាមកំហែងពីសំណាក់កូរ៉េខាងជើងកាន់តែកើនឡើង។
តាម Vern Miyagi, ប្រធានស្ថាប័នគ្រប់គ្រងស្ថានការការណ៍គ្រាមានអាសន្នហាវ៉ៃ “ហាវ៉ៃមានបញ្ហាប្រឈមគ្រោះថ្នាក់ច្រើន ព្រោះវាស្ថិតនៅជិតកូរ៉េខាងជើងជាងរដ្ឋណាៗទាំងអស់របស់អាមេរិក ហើយនៅពេលតាមដានព័ត៌មាននិងពិនិត្យមើលការសាកពិសោធន៍ រួមទាំងករណីបាញ់បង្ហោះកាំជ្រួច និងនុយក្លេអ៊ែរ យើងខ្ញុំយល់ថា ហានិភ័យនេះកាន់តែច្បាស់ឡើងៗ យើងមិនអាចមើលរំលងរឿងនេះឡើយ។ ពលរដ្ឋហាវ៉ៃចាំបាច់ត្រូវដឹងថា រដ្ឋអំណាចនៃរដ្ឋមួយនេះ កំពុងធ្វើអ្វីដើម្បីត្រៀមប្រឈមមុខជាមួយស្ថានការណ៍បែបនេះ”។
តាមនោះចាប់តាំងពីថ្ងៃទី១/១២ខាងមុខនេះ រដ្ឋហាវ៉ៃ និងស្តាររៀបចំប្រព័ន្ធស៊ឺរ៉ែប្រកាសអាសន្នឡើងវិញសម្រាប់បង្ការទុកប្រឈមនឹង “ហានិភ័យវាយលុក” របស់កូរ៉េខាងជើង។
រដ្ឋហាវ៉ៃ ក៏កំពុងប្រឹងប្រែងធ្វើការឃោសនាផ្សព្វផ្សាយតាមរយៈវិទ្យុទូរទស្សន៍ និងផ្តល់ចំណេះដឹងបន្ថែមដល់ពលរដ្ឋ ១.៤០០.០០០ នាក់ ព្រមទាំងភ្ញៀវទេសចរអំពីរបៀបគេចផុតពីការវាយលុកនុយក្លេអ៊ែរ១ ។
ការដែលរដ្ឋហាវ៉ៃមានសកម្មភាពបែបនេះ ហើយប្រកាសផ្សាយជាសាធារណៈផងនោះវាបានធ្វើឲ្យពលរដ្ឋហាវ៉ៃតក់ស្លុត ដោយហេតុថា កាំជ្រួចរបស់កូរ៉េខាងជើង ប្រើពេលត្រឹម ២០នាទី អាចធ្លាក់ចូលដល់ដែនដីនេះ របស់អាមេរិក។
ទោះយ៉ាងណាលោក Miyagi បានសម្តែងក្តីសង្ឃឹមថា នឹងមានពលរដ្ឋហាវ៉ៃ ដល់ទៅ ៨០% ឬ៩០% នៅរស់រានមានជីវិត ក្នុងករណីរងការវាយលុកមួយដោយផ្ទាល់៕ ដោយ ៖ សូយន