Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបណ្ឌិតសភាចារ្យ បានស្នើ ADB បន្តគាំទ្រការពង្រឹងវិស័យឯកជនកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្រោម ក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan)

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក បាហ្គាវ ដាសគ្គូបតា (Bhargav Dasgupta) អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកផ្នែកដំណោះស្រាយទីផ្សារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥, នាព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជាមួយនឹងកិច្ចស្វាគមន៍, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់របស់ ADB ក្នុងការចាប់ផ្តើមប្រតិបត្តិការមុនគេក្នុងចំណោមបណ្តាស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិនានាក្នុងតំបន់ និងសកលលោក សម្រាប់ការគាំទ្រដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB រយៈពេលជាង ៣០ឆ្នាំ មកនេះ បានវិវឌ្ឍឈានឡើងជាបន្ត បន្ទាប់រហូតបង្កើតបានក្របខ័ណ្ឌ “យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ដ៏មានសារសំខាន់ដែល ផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗជាច្រើនរបស់កម្ពុជា សំដៅជំរុញកំណើនប្រកប ដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ។ ក្នុងចំណោមវិស័យអាទិភាពដែល ADB បាននិងកំពុងផ្តល់ការ គាំទ្រដល់ការពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) វិស័យ ហិរញ្ញវត្ថុ ហិរញ្ញប្បទានពាណិជ្ជកម្ម, កសិធុរកិច្ច និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP) ជាដើម ។ បន្ថែមលើនេះ, “ការគាំទ្រវិស័យឯកជន” ត្រូវបានតម្កល់ជាចលករដ៏សំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចសង្គម ស្របតាម “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល ។ តាមរយៈ ភាពជាដៃគូដ៏ល្អនេះ, ADB នឹងបន្តផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីកម្ពុជាអាចសម្រេចបានជោគជ័យនូវការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ពេលខាងមុខ ។

លោកបាហាវ ដាសស្តូប បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងបានគូសរំលេចថា វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលមានសង្គតិភាពទៅនឹងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ ADB គឺការអភិវឌ្ឍវិស័យឯកជន និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ លោកបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅឈាន ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ។ ជាក់ស្ដែង, ADB បានផ្ដល់ការគាំទ្រវិស័យឯកជនកម្ពុជាដោយផ្ទាល់ទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការផ្ដល់ ហិរញ្ញប្បទានសម្រាប់ SME កម្ពុជាដោយផ្ទាល់ ក្រោមកញ្ចប់កម្មវិធី ADB / Frontier ដែលជាកម្មវិធី ផ្តល់ហិរញ្ញប្បទានជាដើមទុនដំបូងសម្រាប់គាំទ្រ SMEs ហើយកម្ពុជាជាប្រទេសដែល ADB ជ្រើសរើសក្នុងការ ផ្តល់ទុនសាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់ ។ ការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួត ប្រជែងនៅកម្ពុជា ដោយផ្តោតលើកំណែទម្រង់ ០៣ គឺ៖ (១)ការបង្កើនបរិយាកាសអំណោយផលសម្រាប់ វិនិយោគទុន និងអាជីវកម្ម, (២)ការលើកកម្ពស់ពាណិជ្ជកម្មមីក្រូ, ខ្នាតតូច, និងខ្នាតមធ្យម និង (៣)ការ កែលម្អគោលនយោបាយពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម ។ ការផ្ដល់ ហិរញ្ញប្បទានសម្រាប់ការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការផ្ដល់ប្រាក់កម្ចីដែលមានការ ប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពការងារផ្សេងៗរបស់ SME សំដៅចូលរួម ចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់ ការជំរុញការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន ផងដែរ ។

ជាមួយគ្នានេះ, ជាមួយការថ្លែងអំណរគុណចំពោះ ADB សម្រាប់ការគាំទ្ររបៀវារៈនៃការអភិវឌ្ឍ ជារួមរបស់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់លើការចូលរួមរបស់ ADB ក្នុងការគាំទ្រវិស័យឯកជន ក្នុងនោះ ការរៀបចំយន្តការ PPP និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការរៀបចំច្បាប់ PPP, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យ ADB បន្តផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការ ពង្រឹងយន្តការ PPP ឱ្យកាន់តែមានភាពទាក់ទាញថែមទៀត ។

ជាក់ស្ដែង, ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ បានស្នើ ADB បន្តគាំទ្រការពង្រឹងវិស័យឯកជនកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្រោម ក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) និង គិតគូរបន្ថែមលើ៖ (១) គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការពង្រឹងនគរូបនីយកម្ម (២) ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ដែលជាវិស័យគន្លឹះលើការជំរុញការអភិវឌ្ឍវិស័យឯកជន, ការកាត់បន្ថយភាពក្រីក្រ និងការ អភិវឌ្ឍសង្គមជារួម, (៣) កំណែទម្រង់គោលនយោបាយគាំទ្រការអភិវឌ្ឍ និងបង្កើនបរិយាកាសអំណោយ ផលដល់វិស័យឯកជន និងពាណិជ្ជកម្ម, និង (៤)ការគាំទ្រផ្នែកជំនាញ, បច្ចេកវិទ្យា និងការកៀរគរធនធាន បន្ថែម សម្រាប់ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង SMEs កម្ពុជា ដើម្បីអាចរួមចំណែកក្នុង ការជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និង បានជូនពរលោក បាហ្គាវ ដាសស្តូបតា និងសហការីទទួលបាន នូវលទ្ធផលផ្លែផ្កា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×