សមាគមឧកញ៉ាកម្ពុជាក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅឯទីក្រុងសៀមិន និងហុងកុង ដោយក្នុងនោះ អ្នកឧកញ៉ា គួន ធីតា ប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច បានដឹកនាំគណៈប្រតិភូឧកញ៉ាកម្ពុជាមួយក្រុម បំពេញការងារនៅទីក្រុងសៀមិន ខេត្តហ៊្វូជៀន ប្រទេសចិន នាថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ , អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានដឹកនាំគណៈប្រតិភូឧកញ៉ាកម្ពុជាមួយក្រុម បំពេញបេសកកម្មនៅទីក្រុងហុងកុង ប្រទេសចិន ចាប់ពីថ្ងៃទី៩-១២ ខែកញ្ញា ឆ្នាំ២០២៥ , ដំណើរបំពេញបេសកកម្មពាណិជ្ជកម្ម-វិនិយោគទាំងនេះ ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងអំឡុងបំពេញបេសកកម្មនេះដែរ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានទទួលលទ្ធផលផ្លែផ្កាជាវិជ្ជមាន រួមមាន ÷
- ជជែកពិភាក្សាលើការងារទាក់ទាញវិនិយោគ ជាមួយលោក ចាវ ឡុង អភិបាលខេត្តហ៊្វូជៀន,
- ជោគជ័យពិភាក្សារវាង ប្រតិភូធុរជនចិនជាច្រើនរូប និងសមាគមឧកញ៉ាកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងល្អ ស្វែងយល់ និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក,
- ចូលរួមទស្សនកិច្ចមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្រុងសៀមិន (Xiamen International Convention and Exhibition Center),
- ចូលរួមក្នុងពិធីបើក “ពិព័រណ៍អន្តរជាតិចិន លើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 25th China International Fair for Investment and Trade – CIFIT) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ៊្វូជៀន ប្រទេសចិន , ក្នុងព្រឹត្តិការណ៍នេះ យើងបានជួបជាមួយទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ចមកពីបណ្ដាប្រទេសនានាក្នុងពិភពលោក,
- ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ សម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវិនិយោគអន្តរជាតិ (Thematic Session on Belt and Road International investment cooperation Exchange) ដែលជាវេទិកាដ៏សំខាន់សម្រាប់ការតភ្ជាប់ វិនិយោគ ពាណិជ្ជកម្ម និងវិបុលភាពរួមគ្នា,
- ការរៀបចំ «សន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគចិន-កម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្ដម Wiao Kui អភិបាលរងខេត្តហ៊្វូជៀន ដោយមានការចូលរួមពីប្រតិភូសមាគមឧកញ៉ាកម្ពុជាព្រមទាំងការចូលរួមពីធុរជនចិនមកពីចម្រុះវិស័យជាច្រើននាក់៕ ពិសិដ្ឋ CEN



















