ខេត្តត្បូងឃ្មុំ: ជារៀងរាល់ឆ្នាំអាជ្ញាធរមូលដ្ឋានតែងតែធ្វើការអភិវឌ្ឍន៍ផ្លូវដីទៅជាផ្លូវបេតុង។ជាក់ស្ដែងគម្រោងដេញថ្លៃផ្លូវបេតុងនិងផ្លូវក្រាលគ្រួសក្រហមចំនួនពីរឃុំដែលមានទឹកប្រាក់សរុបជាង៦០០ លានរៀល ត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈនាព្រឹកថ្ងៃទី១៧កញ្ញា ឆ្នាំ ២០២៥ ដោយធ្វើឡើងនៅសាលាឃុំក្រែក ស្រុកពញាក្រែក។ ចំពោះលទ្ធផលនៃការដេញថ្លៃគេសង្កេតឃើញថាមានក្រុមហ៊ុនជាច្រើនបានចូលរួមដាក់ប៊ីតក្នុងប្រអប់សំបុត្រ ដោយតម្លាភាពមិនមានសកម្មភាពចាប់ទាញដៃទាញជើងនោះទេ។ នៅតាមកន្លែងដេញថ្លៃផ្សេងទៀតកម្រមានអ្នកណាដេញបានផ្លូវទាំងពីរគម្រោង ហើយចុះច្រើនទៀតជាមួយនោះពលរដ្ឋក៏មានការព្រួយបារម្ភពីគុណភាពផ្លូវខ្លាចមិនត្រូវតាមស្តង់ដា។
លោកសុខ មករា អភិបាលរងស្រុកពញាក្រែក មានប្រសាសន៍ដោយលើកឡើងថា: ចំពោះគម្រោងផ្លូវដែលត្រូវដាក់ឲ្យដេញថ្លៃដោយធ្វើឡើងនាព្រឹកតែមួយនៅសាលាឃុំក្រែក ក្នុងនោះមានផ្លូវក្រាលគ្រួសក្រហម ដែលនៅសល់ពីគម្រោងដេញថ្លៃលើកមុន
ជាង៥៦លានរៀល និងផ្លូវបេតុងមួយខ្សែទៀតនៅឃុំក្រែក ផ្លូវប្រវែង៩១២ ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង៦០០ លានរៀល តាមការសង្កេតដោយផ្ទាល់គឺមានក្រុមហ៊ុនជាច្រើនបានចូលរួមប្រកួតប្រជែង។
លោកអភិបាលរងស្រុកពញាក្រែករូបនេះបន្តឲ្យដឹងទៀតថា ចំពោះលទ្ធផលការដេញថ្លៃ÷
១.សម្រាប់ផ្លូវក្រាលគួសក្រហមក្នុងឃុំត្រពាំងផ្លុងតម្លៃប៉ានស្មានជាង៥៦លានរៀល មានក្រុមហ៊ុនចំនួន១០ បានចូលរួមប្រកួតប្រជែង ដោយដេញបានទៅលើក្រុមហ៊ុនហ័ន សោភ័ណ្ឌនៅត្បូងឃ្មុំតម្លៃ៤១លានរៀល។
២.ផ្លូវបេតុងប្រវែង៩១២ម៉ែត្រទទឹង 5៥ម៉ែត្រ កម្រាស់មួយទឹកកន្លះតម្លៃដែលដេញថ្លៃជាង៦០០លានរៀល ក្នុងនោះមានក្រុមហ៊ុនចំនួន១៣ចូលរួមប្រកួតប្រជែង ដែលដេញបានលើក្រុមហ៊ុនហ័ន សោភ័ណ្ឌ តម្លៃ២៨១ លានរៀល។ សម្រាប់ថវិកាដែលត្រូវដាក់ឲ្យដេញថ្លៃមានឱកាសនេះគឺជាថវិការបស់មូលនិធិឃុំទាំងពីរតែម្ដង។ក្នុងនាមអាជ្ញាធរចូលរួមអង្កេតមើលការដេញថ្លៃគឺធ្វើយ៉ាងណាចប់ទទួលបានលទ្ធផលល្អនិងរក្សាសណ្ដាប់ធ្នាប់ពេលដេញថ្លៃកុំឲ្យមានបញ្ហាអសកម្មណាមួយកើតឡើង។ជាមួយនោះក៏មានការព្រួយបារម្ភខ្លាចរឿងអចេតនាណាមួយលេចចេញទៅក្រៅគឺជះឥទ្ធិពលមកលើគណៈកម្មការដេញថ្លៃ សូមកុំឱ្យមាន។
សូមបញ្ជាក់ថាក្រុមហ៊ុនដែលដេញថ្លៃបានត្រូវចុះកិច្ចសន្យាចុះស្ថាបនាផ្លូវទាំងពីរខ្សែដោយធ្វើឡើងនៅថ្ងៃទី២៩ កញ្ញាឆ្នាំ២០២៥ ហើយឃុំនីមួយៗត្រូវចាត់ឱ្យកម្លាំងរបស់ឃុំចុះតាមដានមើលសកម្មភាពពីការស្ថាបនារបស់ក្រុមហ៊ុនឲ្យជាប់ជាប្រចាំ ហ្នឹងត្រូវដាក់ស្លាកសញ្ញាដើម្បីឲ្យប្រាប់ពលរដ្ឋក្នុងមូលដ្ឋានដឹងជាមុន។ អាជ្ញាធរបានព្រមានដល់ក្រុមហ៊ុនដែលដេញថ្លៃបានត្រូវស្ថាបនាផ្លូវតាមស្តង់ដារបច្ចេកទេសបើពុំនោះទេមិនទទួលយក៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី













