ខេត្តកោះកុង ៖ រថយន្តធុន តូចធំ និងរថយន្ត ដឹកទំនិញតាមផ្លូវ៤៨ មិនអាចធ្វើដំណើររួច ហើយរអិលផុងផ្លូវ ដែលបណ្តាលឲ្យខូចខាតផ្លូវអស់៨០ភាគរយ។
ស្ថានភាព កំណាត់ផ្លូវជាតិលេខ៤៨ ចេញពីផ្លូវបំបែកស្រែអំបិលឆ្ពោះទៅទីប្រជុំជនខេត្តកោះកុង ត្រង់កន្លែងខ្លះ កាន់តែទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ក្នុងពេលដែលធាតុអាកាសភ្លៀងធ្លាក់ ជាប់រហូត។ ពលរដ្ឋនិងអ្នកបើកបរយានយន្តផ្សេងៗ តាមផ្លូវនេះបានរអ៊ូថា មានការលំបាកខ្លាំងដោយសារតែផ្លូវបែកភក់ រអិលដែលបណ្តាលឲ្យមានរថយន្តជាប់ផុង និងក្រឡាប់លើផ្លូវក៏មានដែរ។ មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងថា ធាតុអាកាសមិនអំណោយផល ភ្លៀងធ្លាក់ច្រើន បានធ្វើអោយកំណាត់ផ្លូវដែលខូច កាន់តែលំបាកទៅ និងបង្អាក់ដំណើរទៅដល់ការជួសជុលផ្លូវនេះផងដែរ។ ទោះជាយ៉ាងនេះក្តី មន្ត្រីដ៍ដែលថ្លែងថា ក្រោយស្បើយភ្លៀងបន្តិច ផ្នែកជំនាញនឹងបង្កើនការជួសជុល អោយទាន់ពិធីបុណ្យសមុទ្រដែលខេត្តកោះកុងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនៅពាក់កណ្តាលខែធ្នូ ចុងឆ្នាំ២០១៨នេះ។
អ្នកដំណើរម្នាក់ បានសរសេរសារលើផេកហ្វេសប៊ុកថាផ្លូវ៤៨កោះកុងខ្ញុំអើយ ហេតុអ្វីអ្នកទ្រុឌទ្រោមយ៉ាងនេះ។
រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ឆ្ពោះទៅខេត្តកោះកុង នៅរដូវវស្សាឆ្នាំនេះ បានរងការខូចខាតជាច្រើនកន្លែង បង្កការលំបាកដល់យានយន្ត ដែលបើកបរឆ្លងកាត់។ ចំណុចដែលខូចច្រើនជាងគេ គឺមាននៅស្រុកស្រែអំបិល និងនៅស្រុកបុទុមសាគរ។
បញ្ហាផ្លូវខូចនេះ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៤៨នេះ មន្ត្រីជំនាញបានរៀបចំបញ្ជូនគ្រឿងចក្រ ទៅកាន់កន្លែងមានផ្លូវខូចនោះរួចហើយ ដើម្បីជួសជុល ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ធាតុអាកាសមិនអំណោយផលពោលគឺមានភ្លៀងធ្លាក់ច្រើន មិនអាចប្រតិបត្តិការជួសជុលបានរលូននៅឡើយទេ។
មន្ត្រីរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងទៀតថា នៅពេលទឹកភ្លៀងស្បើយ ឬថមថយបន្តិចនោះ ការជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ ដែលខូចនោះ នឹងដំណើរការភ្លាមៗដែរ៕ ដោយ ៖ បញ្ញាស័ក្តិ