ភ្នំពេញ ៖ បិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេស វាស់វែងដី ដោយប្រើប្រាស់ឧបករណ៍ទំនើប លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ក្នុងគោលដៅចាប់ពីឆ្នាំ២០១៩ ដល់ ២០២០ ឬ យ៉ាងយូរដល់ឆ្នាំ ២០២១ ត្រូវចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យបានចប់លើ ៧លានក្បាលដី ដោយបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចគោលដៅនេះ ៦៨ភាគរយ។
បន្ទាប់ពីដំណើរការអស់រយៈពេល ១ថ្ងៃកន្លះរួចមក វគ្គបណ្ដុះបណ្ដាលបច្ចេកទេសវាស់វែងដី ដោយប្រើប្រាស់ឧបករណ៍ទំនើបត្រូវបានបញ្ចប់ទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។ ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង។
តាមរបាយការណ៍បូកសរុបវគ្គបណ្ដុះបណ្ដាលនេះ បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេសវាស់វែងដី ដោយប្រើប្រាស់ឧបករណ៍ទំនើប ដែលដំណើរការរយៈពេល ១ថ្ងៃកន្លះនេះ មានសិក្ខាកាមចូលរួមសរុប ២១៤នាក់ ក្នុងនោះមានមន្ត្រីទទួលបន្ទុកការងារវាស់វែង ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ចំនួន ១៨០នាក់ និងមន្ត្រីបចេ្ចកទេសពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចំនួន ៣៤នាក់។ វគ្គបណ្ដុះបណ្ដាលនេះដំណើរការក្រោមការទាំងផ្នែកទ្រឹស្ដី និងការអនុវត្តពីគ្រូបង្គោលនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចំនួន ១៥នាក់។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតទៅលើប្រធានបទដូចជា សញ្ញាណទូទៅនៃប្រព័ន្ធកំណត់ទីតាំងសកល GNSS ការណែនាំពីការ ប្រើប្រាស់ឧបករណ៍វាស់វែងទំនើប SINO-GNSS -T300 PLUS ការកំណត់ប្រព័ន្ធនិយាមការ (Datum) វិធីសាស្ត្រវាស់វែងដោយប្រើកម្មវិធី Master Survey ការផ្ទេរទិន្នន័យវាស់វែង ចេញពីឧបករណ៍ របៀបគណនា និងបំលែងទិន្នន័យ និងការអនុវត្តជាក់ស្ដែងនៅទីវាល នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រែកកំពឹស។
ក្នុងឱកាសនោះ លោក ឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអបអរសាទរចំពោះសិក្ខាកាម ដែលបានទទួលការបណ្ដុះបណ្ដាលក្នុងវគ្គនេះ ដែលជាវគ្គបណ្ដុះបណ្ដាលមានលក្ខណៈបច្ចេកទេសក្នុងការវាស់វែងដីធ្លី ឱ្យមានលក្ខណៈសុក្រឹត្យ ដោយប្រើប្រាស់ឧបករណ៍ទំនើប ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺក្នុងគោលដៅដើម្បីផ្ដល់ចំណេះដឹងបន្ថែមដល់មន្ត្រីលើការងារវាស់វែង ដោយប្រើប្រាស់ឧបករណ៍ទំនើប ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System)។ ឧបករណ៍ដែលយកមកបណ្ដុះបណ្ដាលនេះមានម៉ាក SINO-GNSS-G300-PLUS ជាឧបករណ៍ដែលធ្វើការវាស់វែង កំណត់និយាមការនៃចំណុចនៅលើផែនទីយ៉ាងសុក្រឹត្យ តាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។ ឧបករណ៍នេះអាចចាប់យកទិន្នន័យពីផ្កាយរណបរបស់អាមេរិក GPS រុស្សី G10 NASS ចិន Bei DOU អឺរ៉ុប GALILEO។
លោក ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងវគ្គបណ្ដុះបណ្ដាលជំហានដំបូងនេះ គឺមានការផ្ដល់ជូនឧបករណ៍ទំនើបប្រភេទនេះចំនួន ៣៣គ្រឿង និងនៅវគ្គទី២ និងផ្ដល់ជូន ៣៣គ្រឿងទៀត ហើយក្រសួងនឹងបន្តសម្របសម្រួលផ្ដល់ជូនឧបករណ៍ទំនើបនេះបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការក្នុងការវាស់វែងដីជូនប្រជាពលរដ្ឋ។
ដើម្បីជំរុញឱ្យដំណើរការ ការវាស់វែងដីជូនប្រជាពលរដ្ឋ ប្រកបដោយភាពជោគជ័យ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអគ្គនាយកដ្ឋានសុរិយោដី មន្ទីរសុរិយោដី នៅតាមរាជធានី ខេត្ត និងការិយាល័យភូមិបាលទាំងអស់ ចាប់ផ្ដើមការងារដំបូងនេះ គឺត្រូវគូសប្លង់សម្រាប់ឱ្យមានមូលដ្ឋានក្នុងការប្រកាសតំបន់វិនិច្ឆ័យ។
លោក ឧបនានយករដ្ឋមន្ត្រី បន្ថែមថា ក្នុង ១ខណ្ឌ ឬ ១ស្រុក ដាច់ខាតត្រូវតែគូសក្បាលដី ហើយបញ្ចូលប្រព័ន្ធទិន្នន័យ ដោយគូសទៅជាតំបន់សម្រាប់មានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យ។ នេះមិនមែនជាការលំបាកពេកនោះទេ ដោយសារទីតាំងនោះត្រូវដកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សាធារណៈចេញ នៅពេលបានជាគំនូសប្លង់ព្រាងនេះហើយ ត្រូវរាយការណ៍ជូនប្រធានមន្ទីរ រួចប្រធានមន្ទីរត្រូវធ្វើការសម្របសម្រួលជាមួយមន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្ទៀងផ្ទាត់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានក្នុងមូលដ្ឋាន ឃុំសង្កាត់ ដែលជាគោលដៅនៃការប្រកាស់តំបន់វិនិច្ឆ័យ ដូចនេះ ការិយាល័យភូមិបាលទាំងអស់ បានគ្រប់គ្រងមូលដ្ឋានដែលខ្លួនបានបម្រើប្រជាពលរដ្ឋ មិនតិចជាង១០ឆ្នាំ។ ការិយាល័យត្រូវធ្វើការសម្របសមម្រួលបន្ថែមទៀត បើសិនមានចំណុចនៅសេសសល់ត្រូវបំពេញបន្ថែម។ នៅពេលបានទម្រង់ជាបឋមបែបនេះហើយ ត្រូវឆ្លងលិខិតម្ដងទៀត ហើយរាល់ការឆ្លងលិខិតម្ដងៗ មិនឱ្យលើសពី ១សប្ដាហ៍ ដោយត្រូវមានការចុះហត្ថលេខាពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ហើយត្រូវបញ្ជូនទៅអភិបាលរាជធានី ខេត្ត ដោយមានចុះហត្ថលេខាបោះត្រា រួចចាត់ទុកនេះជាប្លង់ ដែលអាចមានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យបាន។ ការជំរុញការងារនេះ គឺក្នុងគោលដៅចាប់ពីឆ្នាំ២០១៩ ដល់ ២០២០ ឬ យ៉ាងយូរដល់ឆ្នាំ ២០២១ ត្រូវចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យបានចប់លើ ៧លានក្បាលដី ដោយបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចគោលដៅនេះ ៦៨ភាគរយ ហើយ៕ ដោយ ៖ បញ្ញាស័ក្តិ