ក្រុមហ៊ុន Singapore Airlines (SIA) នៅតែបន្តពង្រឹងជំហឧស្សាហកម្មអាកាសចរណ៍របស់ខ្លួនឥតឈប់ឈរ ដោយផ្ដោតសំខាន់ទៅលើគោលការណ៍ ៣ ធំៗ និងផាសុកភាពខ្ពស់បំផុតសម្រាប់ភ្ញៀវ ៖ ១. សេវាកម្មល្អឥតខ្ចោះ (Service Excellence) , ២. ផលិតផលឈានមុខ (Product Leadership) , និង ៣. ពង្រីកបណ្ដាញតំណភ្ជាប់ (Network Connectivity) ខណៈនេះ ក៏បានពង្រីកជើងហោះហើរ ២១ដង ក្នុងមួយសប្តាហ៍ ភ្នំពេញ-សិង្ហបុរី និង ១៤ដង ក្នុងមួយសប្តាហ៍ សៀមរាប-សិង្ហបុរី ហើយតាមរយៈទីស្នាក់ការកណ្ដាលនៅសិង្ហបុរី អតិថិជនដែលហោះហើរពីកម្ពុជា អាចភ្ជាប់ដំណើរទៅកាន់គោលដៅជាង ១២៥ទីតាំង ទូទាំងពិភពលោក។
ស្របជាមួយពិភពលោកឆ្ពោះទៅកាន់ឧស្សាហកម្មទំនើប សង្គមឌីជីថល ក្រុមហ៊ុន Singapore Airlines (SIA) បន្តវិនិយោគលើផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗ និងមានគុណភាពខ្ពស់ ដើម្បីរក្សាជំហរជាក្រុមហ៊ុនឈានមុខក្នុងវិស័យអាកាសចរណ៍ ដោយប្រើយន្តហោះជាច្រើនប្រភេទ រួមទាំង Airbus A350-900 ដែលដំណើរការនៅលើជើងហោះហើរពីភ្នំពេញទៅសិង្ហបុរី សម្រាប់កម្ពុជា-សិង្ហបុរី។
អ្នកដំណើរអាចរីករាយជាមួយនឹងប្រភេទកៅអី Business Class ដែលបត់បែនបានតាមតម្រូវការ និងប្រភេទកៅអី Economy Class ដែលរចនាឡើងផ្តោតទៅលើផាសុកភាពអ្នកដំណើរ ភ្ជាប់ជាមួយនឹងខ្នើយបង្អែកសម្រាប់ទម្រក ដែលអាចបត់បានដល់ទៅ ៦ទិស។ ការហោះហើរនេះក៏ផ្តល់ជូនបទពិសោធន៍អាហារដែលបានឆ្លងកាត់ការសម្រិតសម្រាំង និងប្រើប្រាស់ Wi-Fi ឥតគិតថ្លៃ។
ក្រុមហ៊ុន Singapore Airlines (SIA) បានផ្តើមបម្រើសេវាកម្មនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈអាកាសចរណ៍ដែលមានឈ្មោះ Silk Air។
ស្របពេលដែលឆ្នាំ២០២៥នេះ ត្រូវនឹងខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងសិង្ហបុរី និងកម្ពុជា ការហោះហើររបស់ Singapore Airlines (SIA) គឺជាឆ្នាំទី ៣៣ ហើយ នៃដំណើរការនៅទីផ្សារកម្ពុជា ក្រុមហ៊ុននៅតែបន្តធ្វើទំនើបកម្ម ដូចជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ ក្រុមហ៊ុនបានប្រកាសផែនការដំឡើងកាប៊ីនជំនាន់ថ្មីសម្រាប់យន្តហោះ Airbus A350-900 ចំនួន ៤១ គ្រឿង សម្រាប់ការហោះហើររយៈពេលវែង (long-haul) និង រយៈចម្ងាយឆ្ងាយ (ultra-long-range)។ ការវិនិយោគជាង ១.១ពាន់លានដុល្លារ របស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីង្ហបុរីនេះ គឺដើម្បីលើកកម្ពស់បទពិសោធនៃការធ្វើដំណើរដែលទំនើប និងប្រណីតភាពសម្រាប់អតិថិជនទូទាំងបណ្តាញហោះហើរ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាសហការជាមួយក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដើម្បីបង្កើតសេវាកម្មថែទាំយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោ, កិច្ចសហការនេះ មិនត្រឹមតែជួយទ្រទ្រង់ទីផ្សារអាកាសចរណ៍សម្រាប់អ្នកដំណើរ និងសារពើភ័ណ្ឌឱ្យកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីគោលជំហរនៃការដាក់ចិត្តដើម្បីទទួលបានប្រតិបត្ដិការដែលរលូន និងការអភិវឌ្ឍក្នុងតំបន់ដោយក្រុមហ៊ុន SIA Group ផងដែរ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN























