នារសៀលថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (US. Congressional Delegation) ដឹកនាំដោយ ឯកឧត្តម Adam Smith សមាជិកសភាតំណាងរដ្ឋ Washington ព្រមទាំងមានការចូលរួមពី ឯកឧត្តម Michael Baumgartner សមាជិកសភាតំណាងរដ្ឋ Washington និង លោកជំទាវ Chrissy Houlahan, សមាជិកសភា តំណាងរដ្ឋ Pennsylvania, តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការីអមដំណើរ ទស្សនកិច្ចនេះ ។
ជាមួយនឹងការស្វាគមន៍ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក មកកាន់កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបន្តរក្សាបាននូវចលនការ កំណើន ក្នុងរយៈកាលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការ រវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋ អាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ។
ក្នុងនោះផងដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់ សហរដ្ឋអាម៉េរិកក្នុងនាមជាដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និង វិស័យបដិសណ្ឋារកិច្ចជាដើម ។
បន្ថែមពីនេះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីភាពចាំបាច់ របស់កម្ពុជាក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ខ្លួនបន្ថែមទៀត តាមរយៈការអភិវឌ្ឍសមត្ថភាពស្ថាប័ន, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងបានស្នើឱ្យសហរដ្ឋ
អាម៉េរិកបន្តផ្តល់នូវជំនួយបច្ចេកទេស ជាពិសេសលើការអភិវឌ្ឍវិស័យអប់រំ ការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងសុខាភិបាលជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែល តែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន ។
ទន្ទឹមនេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានគូសបង្ហាញថាសហរដ្ឋអាម៉េរិក និងកម្ពុជា នឹងបន្តរឹតបន្ដឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តដោះស្រាយ និងរក្សាឱ្យបាននូវស្ថិរភាពនៃការអនុវត្តពន្ធគយបដិការ ដើម្បីបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការធ្វើបរិវត្តកម្មឌីជីថល, និងការលើកកម្ពស់ បរិយាកាសធុរកិច្ច, ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាម ប្រព័ន្ធអនឡាញ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងជូនពរ ឯកឧត្តម Adam Smith និងគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក ទទួលបាននូវលទ្ធផលជាផ្លែផ្កា ក្នុងការមកបំពេញទស្សនកិច្ចនៅ កម្ពុជានាពេលនេះ ។
រក្សាសិទ្ធដោយ៖សុទ្ធលី














