ភ្នំពេញ ៖ ក្រសួងទេសចរណ៍សូមជម្រាបជូនដល់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សហគ្រិនមូស្លីម ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ជ្រាបថា ក្រសួងទេសចរណ៍ នឹងរៀបចំ វទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ “អាស់សាឡាមូអា ឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) ដែលមាន អាសយដ្ឋានផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ខាងលើរៀបចំឡើងក្នុងគោលបំណង៖ (១) សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែល ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្តសម្រាប់ទេសចរគ្រប់ជាតិសាសន៍មកពីគ្រប់ ទិសទី (២) ដើម្បីបង្ហាញពីភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍កម្ពុជា ដែលសមស្របជាមួយទីផ្សារទេសចរណ៍ មូស្លីម និងស្តង់ដាមូស្លីមហ្វែនលីកម្ពុជា និង (៣) ការត្រៀមលក្ខណៈសម្បត្តិក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ ប្រក់បដោយបរិយាបន្ន និងនវានុវត្តន៍។
ទន្ទឹមនឹងនេះ វេទិកាខាងលើនឹងមានវាគ្មិនជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍ មូស្លីម ធុរជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូល បន្ថែម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏នឹងមានការរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីម ដែលដាក់បង្ហាញនូវ សេវាកម្ម និងផលិតផលទេសចរណ៍ នៅបរិវេណនៃទីតាំងខាងលើផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






