Saturday, October 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»ដាក់ដំណើរការការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ MSME នៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសហការរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ នៅថ្ងៃទី ២៦-២៦ ខែកញ្ញា ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Digital Adoption Initiative) នឹងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)នៅកម្ពុជារាប់រយឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចន្លោះពីពេលនេះដល់ឆ្នាំ ២០២៨ ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង និងផលិតភាពរបស់សហគ្រាសទាំងនោះ។ កម្មវិធីនេះនឹងរួមមានវិធានការដែលចែកជាដំណាក់កាល និងផ្តោតលើវិស័យឧស្សាហកម្មអាទិភាពមួយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីវិស័យទេសចរណ៍។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

សិក្ខាសាលាដាក់ឱ្យប្រើប្រាស់គំនិតផ្តួចផ្តើមនេះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ដើម្បីកំណត់សុពលភាពនៃផែនទីបង្ហាញផ្លូវសម្រាប់គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ជាក់ពីការរៀបចំដំណើរការអនុវត្តន៍នានា។
នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានមានប្រសាសន៍ថា «គំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនឹងគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការដាក់បញ្ចូលដំណោះស្រាយឌីជីថលទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីឱ្យសហគ្រាសទាំងនោះកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ភាពធន់ និងការត្រៀមខ្លួនសម្រាប់អនាគត។ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីôតេជោõ និង សមាគមឧស្សាហកម្មជាច្រើន យើងមានគោលបំណងធានាថា សហគ្រាសកម្ពុជាអាចរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថល»។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានមានប្រសាសន៍ថា «គំនិតផ្តួចផ្តើមនេះនឹងផ្តល់ឱ្យហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា នូវឧបករណ៍អនុវត្តជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ ដោយផ្តោតលើវិស័យសំខាន់ៗ យើងអាចតម្រង់ទឹសការប្រើប្រាស់ធនធានទៅរកផ្នែកទាំងឡាយនៃសេដ្ឋកិច្ច ដែលដំណោះស្រាយឌីជីថល នឹងផ្តល់ផលជះធំធេងលើ សមត្ថភាពប្រកួតប្រជែង ការបង្កើតការងារ និងសហគ្រិនភាពរបស់ស្ត្រី»។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយចីរភាព បរិយាបន្ន និង ភាពធន់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×