ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានដឹកនាំគណៈប្រតិភូ ICAPP/ ACC ចូលរួម “សន្និសីទពិភពលោកយូណេស្តូស្ដីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយ ចីរភាព – MONDIACULT 2025» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងប៉ាសេឡូណា ព្រះរាជាណាចក្រអេស្ប៉ាញ។
នៅក្នុងពិធីបើក ឯកឧត្ដម Pedro Sánchez ប្រធានាធិបតីអេស្ប៉ាញ ថ្លែងទៅកាន់គណៈប្រតិភូមកពី ជាង ១៥០ប្រទេស បានបញ្ជាក់ថា MONDIACULT 2025 នឹងពិភាក្សាអំពីសសរស្តម្ភជាយុទ្ធសាស្ត្រចំនួន២ គឺវប្បធម៌សន្តិភាព និងបញ្ញាសិប្បនិម្មិត បន្ថែមលើសេចក្តីប្រកាស MONDIACULT 2022។ ឯកឧត្តម បានសង្កត់ធ្ងន់ថា វប្បធម៌ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងយុត្តិធម៌សង្គម ព្រមទាំងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីថ្មី ក្នុងការកសាងពិភពលោកប្រកបដោយយុត្តិធម៌ និងមនុស្សធម៌។
ថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពី «វប្បធម៌ និងសន្តិភាព» ក្នុងនាមជាស្ថាប័នដៃគូនៃអង្គការយូណេស្កូ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់សហគមន៍ និងជាមូលដ្ឋាន គ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព។ វប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេ តែវប្បធម៌ជា មធ្យោបាយដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ការបង្រួបបង្រួម និងការផ្សះផ្សា។ បេតិកភណ្ឌ វប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែន គ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ។
ដូចក្នុងករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជី ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែក ចង្កោមជាអាវុធហាមឃាតដោយច្បាប់អន្តរជាតិផងដែរ។
ក្នុងន័យនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានទទូចឱ្យមានការគាំទ្រជាអន្តរជាតិ ការពង្រឹងយន្តការតំបន់ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការ យូណេស្កូ ដែលត្រូវដើរតួនាទីយ៉ាងសំខាន់និងកាន់តែសកម្ម ដើម្បីលើកកម្ពស់តម្លៃនៃច្បាប់អន្តរជាតិ និង លើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌ វប្បធម៌ឱ្យបានទាន់ពេលវេលា ជាពិសេស នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ផុយស្រួយនាពេល បច្ចុប្បន្ននេះ ដែលកិច្ចសហប្រតិបត្តិការពិភពលោកក្នុងវិស័យវប្បធម៌ និងសន្តិភាព គឺមានភាពបន្ទាន់
ជាងពេលណាទាំងអស់។
ភ្លៀងក្នុងឱកាសនេះផងដែរ ឯកឧត្តម ក៏បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅក្នុងការងារវប្បធម៌និងសន្តិភាព ក្នុងនាមជាដៃគូររបស់អង្គការយូណេស្កូតាំងពីឆ្នាំ២០១៨ ដោយ បានធ្វើការងារគាំទ្រដល់ការទូតវប្បធម៌ កិច្ចសន្ទនាអន្តរជំនឿ និងការសិក្សាពីសន្តិភាព រួមមានគំនិតផ្តួច ផ្តើមតេជោភូមិ១០០ ដែលជាការតភ្ជាប់ច្រករបៀងវប្បធម៌ និងនវានុវត្តន៍បច្ចេកវិទ្យា។ មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំ ACC លើកទី៣ នៅកម្ពុជា នៅឆ្នាំ២០២៤ ក៏បានអនុម័ត«សេចក្ដី ប្រកាសសន្តិភាពទីក្រុងភ្នំពេញ» ដោយបានគាំទ្រធម្មនុញ្ញសន្តិភាពសកល ដើម្បីមនុស្សជាតិ និងភពផែនដី (UPC) ដែលមានសសរស្ដម្ភចំនួនប្រាំ៖ ១)ការកសាងសន្តិភាព ២)ការទប់ស្កាត់ជម្លោះ ៣)យុត្តិធម៌ អន្តរកាល ៤)សន្តិសុខស្បៀង និង៥)ការកសាងឡើងវិញក្រោយជម្លោះ ហើយមកទល់បច្ចុប្បន្នមានការ គាំទ្រពីសភា និងស្ថាប័នអន្តរជាតិជាង៦០។
ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានធ្វើការកត់សម្គាល់អំពី បទពិសោធន៍របស់ប្រទេសកម្ពុជា ដែលវប្បធម៌បាន រួមចំណែកជាក់ស្តែងដល់ការកសាងសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចខិតខំប្រឹង ប្រែងអភិរក្សបេតិកភណ្ឌវប្បធម៌។ កម្ពុជាបានសម្រេចនូវសមិទ្ធិផលដ៏អស្ចារ្យក្នុងការការពារបេតិកភណ្ឌរូបី និងអរូបី តាមរយៈយន្តការអន្តរជាតិ និងភាពជាដៃគូរួមមានយន្តការ ICC-Angkor និង ICC-Preah Vihear ដែលបានបង្ហាញពីរបៀបនៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការការពារតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកនិងជំរុញសន្តិភាព។
ក្នុងឱកាសនេះផងដែរ លោកជំទាវ អ៊ុន បូផាណា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ ក៏ បានថ្លែងអំពីវប្បធម៌និងការអប់រំ ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបញ្ចូលក្នុងកម្មវិធីសិក្សាអំពី ការពិតនៃប្រវត្តិសាស្ត្រនិងអក្សរសាស្ត្រ ដែលជាឬសគល់ដ៏សំខាន់នៃការកសាងវប្បធម៌នៃសន្តិភាព ការយោគយល់គ្ន និងការរស់នៅជាមួយគា្នដោយសន្តិសហវិជ្ជមានរវាងជាតិសាសន៍ខុសគា្ន ជាពិសេស ប្រទេសមានភូមិផងរបងជាប់គ្នា ដើម្បីបញ្ចៀសការយល់ច្រលំនៃប្រវត្តិសាស្ត្រដែលបន្តកើតឡើងក្នុងស្រទាប់ យុវជនជំនាន់ថ្មី ក្នុងន័យកសាងនូវទំនុកចិត្ត និងសន្តិភាពនាពេលអនាគត។
«សន្និសីទពិភពលោកយូណេស្កូស្តីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍដោយចីរភាព» ឆ្នាំ២០២៥ (MONDIACULT 2025 ) បានអនុម័តនូវឯកសារលទ្ធផល MONDIACULT 2025 ដើម្បីជំរុញគោល នយោបាយវប្បធម៌ និងការអភិវឌ្ឍដោយចីរភាព ដែលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃវប្បធម៌ ក្នុង ការជំរុញនូវសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយកិច្ចការអភិរក្សវប្បធម៌តាមរយៈការអប់រំ និង សកម្មភាពបរិស្ថាននានា គឺត្រូវឆ្លើយតបនឹងការប្រែប្រួលនៃបច្ចេកវិទ្យា និងការវិវត្តិន៍យ៉ាងលឿននៃបញ្ញា សប្បនិម្មិត្ត និងការប្រែប្រួលនៃបរិស្ថាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី







