ខេត្តកំពង់ចាម: “មានប្រជាពលរដ្ឋមួយចំនួនបានសាងសង់របងផ្ទះរំលោភមកដល់ប្រាងប្រាសាទនគរបាជ័យ ក្នុងស្រុកកំពង់សៀម ដោយមើលឃើញបែបនេះអាជ្ញាធរបានស្ថាបនាផ្លូវបេតុងព័ទ្ធជុំវិញព្រមទាំងដាំដើមឈើ
ផ្ដល់ម្លប់និងចេញផ្កាធ្វើបែបនេះដើម្បីទប់ស្កាត់មិនឱ្យមានការបំពាន។ហើយបានក្លាយទៅជាកន្លែងមួយសម្រាប់បងប្អូនពលរដ្ឋនាំគ្នាដើរហាត់ប្រាណនិងជាផ្លូវសម្រាប់ដឹកកសិផលងាយស្រួលមកផ្សាររហ័សជាងមុន។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តលើកឡើងក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ៣មិនា លើកទី២៨នាព្រឹកថ្ងៃទី២៥មីនា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:ជាការពិតណាស់ទិវាវប្បធម៌នេះក្មួយៗ ដែលជាយុវជនគឺបានយល់ច្បាស់តាមរយៈការសិក្សារៀនសូត្រនៅសាលា។ហើយតាមរយៈការមើលឃើញដោយផ្ទាល់ភ្នែកដូចជាការជួបជុំគ្នានាថ្ងៃនេះគឺដើម្បីបំផុសគំនិតស្មារតីដល់ស្រទាប់យុវជនទាំងអស់ឲ្យចេះស្រលាញ់ការពារអភិរក្សនៅសម្បត្តិវប្បធម៌ជាតិរបស់យើងឲ្យបានគង់វង្សយូរអង្វែង។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា តាមពិតទៅវប្បធម៌នេះគឺមានន័យទូលំទូលាយណាស់ដោយឆ្លងកាត់ពីសម័យកាលមួយទៅសមីការមួយនៃជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ដូចអក្សរសិល្ប៍
សំណង់ស្ថាបត្យកម្មជាដើម ហើយក៏ជាការបញ្ជាក់ឲ្យឃើញពីអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗផងដែរ។ ស្របហ្នឹងពាក្យចាស់ដែលពោលថា”វប្បធម៌រលំជាតិរលាយវប្បធម៌ពណ្ណរាយជាតិផ្កើនផ្កាន”។ដូច្នេះមានការទាមទារឲ្យមានការចូលរួមពីសំណាក់ក្មួយៗទាំងអស់ វប្បធម៌បានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ជាតិសាសន៍យើង។ពិតណាស់ថាសង្គមមិនអាចកាត់ដាច់ពីវប្បធម៌បាននោះទេ ព្រោះមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយតាំងពីសម័យមុនអង្គរនិងសម័យអង្គរគឺវប្បធម៌មានភាពរុងរឿងគួរឲ្យកោតសរសើរ។តែចាប់តាំងពីក្រោយសម័យអង្គររយៈពេល ៥០០ឆ្នាំមកប្រទេសកម្ពុជាយើង បានលិចលង់បែកបាក់សាមគ្គីផ្ទៃក្នុងហើយត្រូវបានទទួលការមាក់ងាយពីបរទេស។ជាក់ស្ដែងនៅចុងឆ្នាំ២០២៥កម្ពុជាយើងបានទទួលរងការឈ្លានពានពីសំណាក់កងទ័ពថៃ ដោយបានបាញ់កាំភ្លើងតូចធំធ្វើឲ្យសម្បត្តិវប្បធម៌និងសម្បត្តិបិតិកភណ្ឌពិភពលោក ត្រូវបានទទួលរងការខូចខាតដោយអន្លើ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះយុវជនទាំងអស់ត្រូវតែពង្រឹងចំពោះសាមគ្គីភាពជាធ្លុងមួយឲ្យបានរឹងមាំដើម្បីរួមគ្នាថែរក្សាវប្បធម៌ជាតិរបស់ខ្លួនឲ្យបានគង់វង្សយូរអង្វែងទៅអនាគត។
ជាក់ស្ដែងដូចជានៅប្រាសាទនគរបាជ័យក្នុងស្រុកកំពង់សៀមមានពលរដ្ឋមួយចំនួនបានសង់របងបំពានដល់ប្រាសាទ។ឃើញបែបនេះអាជ្ញាធរគ្រប់ជាន់ថ្នាក់បានគិតគូរជាមួយនឹងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈតាមរយៈការកសាងផ្លូវបេតុងជុំវិញប្រាសាទដាំដើមឈើព្រមទាំងបំពាក់អំពូលសូឡា
បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តលេង ដោយងាយស្រួលទៀតផង។ជាមួយនោះនៅតាមពីវត្តអារាមនានាក្នុងខេត្តកំពង់ចាមសំណង់ព្រះវិហារដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើង ព្រះចៅអធិការវត្តមិនអាចវាយចោលដើម្បីសាងសង់សំណង់ថ្មីនោះទេ ព្រោះកិច្ចការទាំងនេះមានសិទ្ធិសម្រេចលើក្រសួងវប្បធម៌
សំខាន់គឺមានតែការជួសជុលដើម្បីអភិរក្សជាសម្បត្តិវប្បធម៌ជាតិដល់មនុស្សជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

























