Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរគណៈកម្មការជំនាញរដ្ឋសភា បើកកិច្ចប្រជុំដេញដោលជាមួយតំណាងរាជរដ្ឋាភិបាល លើសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ក្នុងស្មារតីបុរេសកម្មដើម្បីពង្រឹងសន្តិសុខឌីជីថល និងកិច្ចការពារផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាបានបើកកិច្ចប្រជុំពិភាក្សា និងដេញដោលស៊ីជម្រៅជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើ «សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។

កិច្ចប្រជុំអន្តរគណៈកម្មការដ៏មានសារៈសំខាន់នេះ ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) រួមជាមួយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) និង ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤)។ ជាភាគីតំណាងរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញមកឆ្លើយតប ក៏ដូចជាផ្តល់ការពន្យល់ និងបំភ្លឺយ៉ាងលម្អិតអំពីភាពចាំបាច់ និងគោលបំណងយុទ្ធសាស្ត្រនៃសេចក្តីព្រាងច្បាប់នេះ។

ក្នុងឱកាសនោះ តំណាងរាជរដ្ឋាភិបាលបានគូសបញ្ជាក់ជូនអន្តរគណៈកម្មការរដ្ឋសភាថា ឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តក្លាយជាកង្វល់សកល ដែលទាមទារឱ្យកម្ពុជាមាន “ឧបករណ៍គតិយុត្តិ” ដ៏រឹងមាំសម្រាប់បង្ក្រាប។ សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង ២៤ មាត្រា ដោយក្នុងនោះបានកំណត់បង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ បន្ថែមទៀត រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោក, បទជ្រើសរើសឬបណ្តុះបណ្តាលបុគ្គលឱ្យប្រព្រឹត្តបទល្មើស, បទប្រមូលទិន្នន័យឯកជនក្នុងចេតនាទុច្ចរិត និងការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។

ឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស សមាជិកអន្តរគណៈកម្មការរដ្ឋសភាបានលើកឡើងនូវសំណួរដេញដោលជាច្រើនលើចំណុចគន្លឹះៗ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ឱ្យស្របតាមបរិបទជាក់ស្តែងនៃសង្គម។ ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពលើខ្លឹមសារដើមទាំងស្រុងនៃសេចក្តីព្រាងច្បាប់នេះ ដោយវាយតម្លៃថាជាការរៀបចំឡើងប្រកបដោយវិទ្យាសាស្ត្រ ស្របតាមស្តង់ដារអន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន។

ជោគជ័យនៃកិច្ចពិភាក្សារវាងអន្តរគណៈកម្មការជំនាញរដ្ឋសភា និងភាគីរាជរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការបង្កើនទំនុកចិត្តលើការប្រើប្រាស់បច្ចេកវិទ្យា និងជាខែលការពារសុវត្ថិភាពសង្គមដ៏រឹងមាំសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងយុគសម័យឌីជីថល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×