ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដាម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរនៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយលើកឡើងថា TikTok បានជួយពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលដល់អតិថិជនថ្មី និងចាស់ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលក្នុងអំឡុងពេលពិធីបុណ្យធំ ប្រពៃណីជាតិខ្មែរនេះ។
សម្រាប់សហគ្រិនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ មិនមែនត្រឹមតែជាពេលវេលានៃការជួបជុំគ្រួសារ និងធ្វើបុណ្យឧទ្ទិសកុសលជូនដូនតានោះទេ តែក៏ជាពេលវេលាដ៏សំខាន់សម្រាប់ការលក់ដូរ ដូចជាម្ហូបអាហារ សម្លៀកបំពាក់ ផ្កា និងដង្វាយនានាផងដែរ។ នៅឆ្នាំនេះ TikTok បានដើរតួនាទីជាតួអង្គសំខាន់ក្នុងការជំរុញការលក់ និងបានជួយ ឱ្យសហគ្រិន ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើនតាមរយៈ វីដេអូខ្លីៗ ការផ្សាយផ្ទាល់ (livestream) និងមុខងារផ្សេងៗទៀត។
ម្ចាស់អាជីវកម្មខ្មែរជាច្រើនរូបបានកត់សម្គាល់ថា TikTok ផ្ដល់លទ្ធភាពឱ្យពួកគាត់ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន និងបានជួយប្រែក្លាយការចូលមើលទៅជាការទិញអីវ៉ាន់របស់ពួកគាត់។
Je Khi (@uthsophatpanha8) អ្នកលក់នៅលើបណ្តាញសង្គម TikTok (សាដក និងគ្រឿងទេស) បាននិយាយថា៖ “ការលក់របស់នាងខ្ញុំមានការកើនឡើង។ ការលក់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ បានកើនឡើងរហូតដល់ជិត ៧០ ភាគរយបើធៀបនឹងពេលធម្មតា។ TikTok ជួយអាជីវកម្មរបស់នាងខ្ញុំបានច្រើន។ ពេលខ្ញុំ post ផលិតផលនៅលើ TikTok មានគេមើលច្រើន និងទទួលបានការទិញច្រើន។ ប្រសិនបើគ្មាន TikTok នោះទេ អាជីវកម្មរបស់នាងខ្ញុំមិនអាចលក់ដាច់ខ្លាំងក្លានោះទេ អាចលក់បានត្រឹមតែអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។”
Heng Davy Worship Shop (@hengdavy_worshipshop) អ្នកលក់សម្ភារៈបុណ្យនៅលើបណ្តាញសង្គមTikTok ក៏ទទួលបានភាពជោគជ័យក្នុងការលក់ដូចគ្នា និងបានមានចំណាប់អារម្មណ៍ថា៖ “TikTok បានធ្វើឱ្យអាជីវកម្មរបស់នាងខ្ញុំកាន់តែប្រសើរឡើង។ នាងខ្ញុំចង់ពង្រីកអាជីវកម្មឱ្យកាន់តែទូលំទូលាយ លើសពីហាងនៅផ្ទះដែលមានស្រាប់។ ដូច្នេះហើយ កាលពីជាងមួយឆ្នាំមុន ខ្ញុំបានចាប់ផ្ដើមលក់ផលិតផលនៅលើ TikTok និងក្រោយមកក៏ទទួលបានភាពជោគជ័យ។ មានអតិថិជនកាន់តែច្រើន ស្គាល់ផលិតផលរបស់នាងខ្ញុំតាមរយៈ TikTok ។ ការលក់របស់នាងខ្ញុំក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានការកើនឡើងយ៉ាងល្អរហូតដល់ ៧០ ភាគរយ។”
ឡេង ប៉លីន (@porlin_leng) អ្នកលក់សម្ភារៈបុណ្យនៅលើបណ្តាញសង្គម TikTok មួយរូបទៀតក៏ទទួលបានកំណើននៃការលក់ដូចគ្នា។ លោក បាននិយាយថា៖ “តាំងពីមាន TikTok មក អាជីវកម្មរបស់ខ្ញុំមានការរីកចម្រើនច្រើន។ កាលពីពេលមុនដែលខ្ញុំមិនទាន់មាន TikTok គឺខ្ញុំលក់បានតែនៅផ្ទះដែលនៅខេត្ដកំពង់ចាម។ តែពេលនេះ ខ្ញុំអាចលក់ជូនអតិថិជនទូទាំងប្រទេស ទាំងនៅខេត្ដផ្សេងៗទៀត និងនៅរាជធានីភ្នំពេញតាមរយៈ TikTok។ ពេលខ្ញុំ post ផលិតផលថ្មីៗ នៅលើ TikTok ក៏មានអ្នកចូលមើល និងធ្វើការបញ្ជាទិញច្រើន។ មុខរបររបស់ខ្ញុំក៏មានការរីកចម្រើនទៅតាមនោះដែរ។”
TikTok បានក្លាយជាថ្នាលដ៏មានតម្លៃសម្រាប់ម្ចាស់អាជីវកម្មខ្មែរក្នុងការជំរុញអាជីវកម្មរបស់ខ្លួននៅក្នុងសហគមន៍ ជាពិសេសក្នុងរដូវបុណ្យទាន។ មុខងារប្រកបដោយភាពច្នៃប្រឌិត និងមុខងារពិសេសៗជាច្រើនទៀតរបស់ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដូចជាម្ចាស់អាជីវកម្មខ្នាតតូច ចែករំលែករឿងរ៉ាវរបស់ពួកគាត់ បង្ហាញផលិតផលថ្មីៗ និងទទួលភាពជោគជ័យលើទីផ្សារឌីជីថល។
ខណៈដែលថ្នាលឌីជីថលបន្តរីកចម្រើននៅកម្ពុជា TikTok នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ក្នុងស្រុក តាមរយៈការជួយអាជីវកម្មគ្រប់ទំហំឱ្យរីកចម្រើនទាំងក្នុងអំឡុងពេលរដូវបុណ្យទាន និងពេលធម្មតា។
បន្ថែមពីលើការជំរុញការលក់ TikTok កំពុងជួយអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាផងដែរ។ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ អ្នកបង្កើតមាតិកាចែករំលែកវីដេអូនៃការថ្វាយដង្វាយ ការឧទ្ទិសកុសលជូនដូនតា ការស្លៀកសម្លៀកបំពាក់ប្រពៃណីជាគ្រួសារ ដែលការធ្វើបែបនេះបានជួយផ្សព្វផ្សាយទំនៀមទម្លាប់ដ៏ល្អផូរផង់ទៅដល់ក្មេងជំនាន់ក្រោយ និងទស្សនិកជនផ្សេងៗទៀតនៅជុំវិញពិភពលោក។

