តាកែវ ៖ ក្រោយទទួលបានពត័មានថា ការផលិតស្ករត្នោតក្លែងក្លាយ ដែលកែច្នៃចេញពីស្ករសរនៅស្រុកបាទីខេត្តតាកែវ កកើតឡើងវិញដោយមិនខ្លាចញញឹតច្បាប់ និងការអប់រំណែនាំអស់ជាច្រើនលើកច្រើនសាររបស់អាជ្ញាធរនោះ កំលាំងសមត្ថកិច្ចជំនាញ សាខាកាំកុងត្រូលខេត្តតាកែវ បានដាក់កំលាំងសម្ងាត់ចាំឃ្លាំមើលទីតាំងជាច្រើនដែលធ្លាប់ផលិតស្ករត្នោតក្លែងក្លាយនៅក្នុងស្រុកបាទី ដោយនៅរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ រួមជាមួយនិងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត រួមជាមួយនិងអាជ្ញាធរស្រុក និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ចំនួន ០២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
បើតាមការអោយដឹងពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបាននិយាយថា ការចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាការអនុវត្តធម៌ក្តៅលើម្ចាស់សិប្បកម្មអត់ច្បាប់ទាំងនោះ ដែលពួកគាត់នៅតែបន្តលួចផលិតនៅប្រភេទស្ករត្នោតក្លែងក្លាយនេះ បើទោះបីជាពួកគាត់ធ្លាប់បានត្រូវអាជ្ញាធរខេត្ត និងក្រុមមន្ត្រីជំនាញចុះមកធ្វើការអបរំណែនាំអស់ជាច្រើនលើកច្រើនសារមកហើយក្តី តែម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងនោះនូវតែមិនខ្លាចញញឹតនឹងច្បាប់ ។ លោកប្រធានសាខាកាំកុងត្រូលខេត្តបានបន្តថា ក្រោយការចុះឆ្មក់ចាប់ទីតាំងផលិតស្ករក្លែងក្លាយខាងលើនេះរួច លោកនឹងដាក់ពាក្យប្តឹងទៅលើម្ចាស់ទីតាំងខាងលើ ដើម្បីអោយតុលាការចាត់ការម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនោះទៅតាមនីតិវិធី។
លោក ភួង ឈីម អភិបាលស្រុកបាទី បានអោយដឹងថា ៖ នៅក្នុងស្រុកបាទីនេះ គឺមានទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះចំនួន ៤៣ទីតាំង នៅឃុំចំនួន ៣ ហើយម្ចាស់ទីតាំងទាំង ៤៣នោះ គឺធ្លាប់បានធ្វើកិច្ចសន្យា បញ្ឈប់ការផលិតរួចមកហើយ និងទទួលបានការអបរំណែនាំពីមន្ត្រីជំនាញ អាជ្ញាធរស្រុក ជាច្រើនលើកច្រើនសារមកហើយដែរ ក៏ប៉ុន្តែមានតែម្ចាស់ទីតាំងមួយចំនួនតូចតែប៉ុណ្ណោះ ដែលស្តាប់និងអនុវត្តតាម ។ ដោយឡែកមកទល់ពេលនេះ គឺយើងទទួលបានដំណឹងថា មានទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះចំនួន ២៥ទីតាំង បានកើតឡើងវិញ និងលួចធ្វើសកម្មភាពឆក់កន្តៀត ផលិតស្ករត្នោតកែច្នៃចេញពីស្ករសនេះ ទើបយើងប្រើវិធីសាស្ត្រឆ្មក់ចាប់ទីតាំងខាងលើនេះតែម្តង ។
សូមបញ្ជាក់ផងដែរថា ក្នុងការឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយខាងលើ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុដកហូតនូវវត្ថុតាងជាច្រើន សម្រាប់បម្រើឲ្យការផលិតស្ករត្នោតក្លែងក្លាយនេះ រួមជាមួយនិងស្ករត្នោតក្លែងក្លាយដែលផលិតរួច នៅមិនទាន់ដឹកចេញចំនួន ៨ធុង ដោយក្នុងមួយធុងមានទម្ងន់ជាង ១០០គីឡូក្រាម។ ហើយវត្ថុតាងខាងលើត្រូវបានដឹកយកមករក្សាទុកនៅសាលាស្រុកបាទី ដើម្បីរងចាំការអនុវត្តច្បាប់បន្ត ៕ តាកែវ