ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសភាសន្តិភាពពិភពលោកដែលអញ្ជើញមកបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោកមកកាន់កម្ពុជានៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងសហព័ន្ធសភាសន្តិភាពពិភពលោក
ជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា និយាយជារួមការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជាជាមួយនឹងម៉ាឡេស៊ីឱ្យកាន់តែមានភាពល្អប្រសើរ។
នៅក្នុងឱកាសនោះ Mohd Hatta បានសម្តែងការអរគុណចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្តែងការគួរសមនៅថ្ងៃនេះហើយឯកឧត្តមក៏បានលើកឡើងនូវក្តីរីករាយដែលបានជួបសម្តេចតេជោសារជាថ្មី ហើយបានសរសើរអំពីភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ដែលកន្លងទៅបានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម និងប្រតិភូគឺរីករាយ និងរង់ចាំស្តាប់នូវការចែករំលែកបទពិសោធន៍ប្រកបដោយគតិបណ្ឌិតពីសម្តេចតេជោដែលមានបទពិសោធន៍ដ៏ច្រើននៅក្នុងអាជីពជាអ្នកនយោបាយ ជាអ្នកដឹកនាំ នាពេលកន្លងមក។
សម្តេចតេជោក៏បានលើកឡើងដោយបានចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពីអតីតកាល ជាពិសេសការដឹកនាំរបស់សម្តេចក្នុងការនាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងការធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពនៅឆ្នាំ១៩៩៨ ដែលបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិល រហូតដល់ប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នកម្ពុជាមានមេដឹកនាំថ្មីដែលជាអ្នកជំនាន់ក្រោយកំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់ នឹងដើរយ៉ាងលឿនក្នុងការបំពេញនូវការដឹកនាំសម្រាប់ឱ្យប្រទេសកម្ពុជារីកចម្រើនទៅមុខទៀត។
នៅក្នុងឱកាសនោះ សម្តេចតេជោក៏បានចែករំលែកពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន រវាងបញ្ហាព្រំដែនកម្ពុជា និងថៃ។សម្តេចតេជោបានពន្យល់អំពីរឿងរ៉ាវនៃការកើតឡើង ហើយនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។
អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ ដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។ ជាមួយគ្នានេះសម្តេចតេជោក៏បានអរគុណចំពោះតួនាទីដ៏សកម្មរបស់ម៉ាឡេស៊ីនៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសម្តេចតេជោក៏បានអរគុណចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានបំពេញតួនាទីយ៉ាងរហ័ស និងលឿនក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។
ឱកាសនោះ ឯកឧត្តមសមាជិកព្រឹទ្ធសភារបស់ម៉ាឡេស៊ី ដែលជាប្រធានប្រតិភូបានសំដែងនូវការអរគុណចំពោះសម្តេចតេជោដែលបានចែករំលែក និងពន្យល់យ៉ាងក្បោះក្បាយ និងគ្រប់ជ្រុងជ្រោយពីទិដ្ឋភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីអតីតកាល និងទិដ្ឋភាពនៃបញ្ហាវិវាទ
ព្រំដែនរវាងកម្ពុជា និងថៃនាពេលបច្ចុប្បន្ន។ ឯកឧត្តមសង្ឃឹមថា វិវាទព្រំដែនរវាងប្រទេសទាំងពីរ នឹងអាចដោះស្រាយបានដោយសន្តិវិធីខាងមុខ ហើយសង្ឃឹមថា សន្តិភាពនឹងកើតមានឡើងវិញសម្រាប់ប្រទេសទាំងពីរ។
ជាមួយគ្នានេះឯកឧត្តមក៏បានរំលេចដោយសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ជាពិសេសឯកឧត្តមពិតជាមានសំណាងដែលបានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានថ្មីរបស់កម្ពុជា ដែលមានភាពធំទូលាយ ដែលបញ្ជាក់ពីភាពរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមក៏បានសរសើរចំពោះការរីកចម្រើននៃទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាតែម្តង។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម Mohd Hatta និងប្រតិភូបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














