ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ២៦៧,៣៨៤ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣ខែតុលានេះ ដោយ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោងដូចតទៅៈ
១. គម្រោងស្តារប្រព័ន្ធធារាសាស្រ្តព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ (ថវិកាចំនួន ១២៦,៧១០ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពងស្ពឺ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ ដែលមានមុខងារអាងស្លកទឹកអន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួកក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្លុកទឹកបានគ្រប់គ្រានក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារ សមត្ថភាពស្តុកទឹកមិនគ្រប់ក្រាន់ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅ មានស្ថានភាពយ៉ាប់យឺនដែលដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់កសិករ។ យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ៤,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គកផ្គងទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។
២. គម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ថវិកាចំនួន ១៤០,៦៧៤ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
ជំនួយនេះនឹងត្រូវបានប្រើប្រាសដើម្បីសងស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាក់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។ បន្ថែមពីនេះ ឡាននិងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទេ ដោយសារស្ពាននេះប្រហែលមិនអាចទ្រាំទ្របាននូវទម្ងន់ និងអាចមានការបាក់ស្រុត។
យើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ៥,០០០នាក់តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាងសង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការ ដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតដំរីភាពរស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។
គម្រោងគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ នឹងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរបស់ពូកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧២លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន ៧០៦គម្រោងនៅទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន បានមាន សេចក្តីសោមនស្សរីករាយដែលបានរៀបចំពិធីចុះហត្ថលេខាថ្ងៃនេះ និងសូមស្វាគមន៍មកកាន់ស្ថានទូតជប៉ុន លើកិច្ចសន្យាផ្តល់ ដែលនឹងត្រូវបានអនុវត្តក្រោម ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។
ឯកអគ្គរាជទូត បានបញ្ជាក់ថា មុននឹងចាប់ផ្តើមសុន្ទរកថា ខ្ញុំសូមបួងសួងសូមឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែនរវាងកម្ពជានិងថែ នាពេលថ្មីៗនេះបានទៅកាន់សុគតិភព និងសូមសម្តែងនូវក្តីអាណិតអាសូរជាពន់ពេកចំពោះអ្នកដែលទទួលរងគ្រោះទាំងអស់ផងដែរ។ រដ្ឋាភិបាលជប៉ុនសូមចូលរួមសាទរចំពោះរួចព្រមព្រៀងស្តីពីបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌកាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ ហើយយើងសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយឲ្យបានឆាប់តាមដែលអាចធ្វើទៅបានតាម រយៈការសន្ទនាដោយសន្តិវិធី។យើងនឹងបន្តជួយគាំទ្រជនរងគ្រោះនៃជម្លោះព្រំដែន និងការស្ថាបនាតំបន់ព្រំដែនឡើងវិញ ហើយយើងបានផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់ចំនួន ១,៨លាន ដុល្លារអាមេរិករួចមកហើយ។
ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងបន្តទៀតថា ទោះបីជាប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ដោយ ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយ អភិវឌ្ឍន៍ផ្លូវការនានា រួមទាំង “គូសាណូណិ” ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

















