ភ្នំពេញ ៖ អ្វីដែលធ្វើឱ្យកេរ្តិឈ្មោះលោកអភិបាលខេត្តកំពង់ធំ សុខ លូ កន្លងមកនោះឥឡូវលោកបានចេញមុខទទួលស្គាល់ និងសោកស្តាយចំណារ របស់លោកលើលិខិត ដែលប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តផ្ញើជូនលោកអំពីករណីកាប់ឈើមួយដើម កាលពីឆ្នាំ២០១៧មកម្លេះ ដោយបន្ទោសអ្នកធ្វើរបាយការណ៍យឺតថា អន់ជាងសត្វ។
អភិបាលខេត្តកំពង់ធំល្បីខ្លាំងនៅថ្ងៃ១៦ កញ្ញានេះដោយអ្នកលេង Facebook បានចែករំលែកបន្តៗគ្នា នូវលិខិតផ្លូវការរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ ផ្ញើជូនអភិបាលខេត្តកំពង់ធំ លោក សុខ លូ អំពីបទល្មើសព្រៃឈើនៅក្នុងខេត្ត កាលពីឆ្នាំ២០១៧កន្លងទៅ អ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយនេះ ហួសចិត្ត គឺលោក សុខ លូ បានចារ នៅលើលិខិតនោះថា ៣ធ្វើរបាយការណ៍យឺតយ៉ាងនេះ បែបស៊ីអាចម៍មិនទាន់ឆ្កែទេមើលទៅ”។
ចំណារបស់លោក សុខ លូ ធ្វើឲ្យអ្នកលេង Facebook ឆ្ងល់ថា តើលោកចារបែបនេះមានន័យបែបណា នេះគឺជាលិខិតផ្លូវការ មានត្រាក្រហមត្រឹមត្រូវ ហេតុអ្វីបានជាលោកចារដោយប្រើប្រាស់ពាក្យអសុរោះបែបនេះទៅវិញ។
អ្នកឃើញចំណារនេះហើយគេបានលើកឡើងថា បើទោះបីជាលិខិតនេះ ជាលិខិតផ្ទៃក្នុងក៏ដោយ បើលោកចង់ប្រាប់ ឫណែនាំទៅកាន់មន្ត្រីក្រោមឱវាទ គួរតែធ្វើលិខិតផ្សេងប្រាប់ទៅកាន់បុគ្គលនោះ ហេតុអ្វីចារលើលិខិតផ្លូវការបែបនេះទៅវិញ?
អភិបាលខេត្តជាឧត្ដមមន្ត្រីចុះហេតុអ្វីមានទង្វើរមិនល្អបែបនេះទៅវិញ?។ តែក្រោយបែកធ្លាយចំណារនេះលើបណ្ដាញសង្គមហ្វេសប៊ុកមក។លោក សុខ លូ បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំពិតជាមានការសោកស្តាយចំពោះបញ្ហានេះ។ នេះជាពិសោធន៍ក្នុងការងាររបស់ខ្ញុំ។ ឯកសារនេះ តាំងពីឆ្នាំ២០១៧ ហើយជាឯកសារផ្ទៃក្នុង ដែលមិនបានផ្ញើចេញក្រៅទេ។ តាមខ្ញុំចាំ កាលណោះរឿងនេះកើតឡើង ហើយរឿងក្តៅ តែពុំមានអ្នកណារាយការណ៍ឲ្យខ្ញុំទេ។ ខ្ញុំបានជំរុញការដោះស្រាយ។ ជិតពីរខែ ទើបមានរបាយការណ៍មកដល់ខ្ញុំ។
លោកសារភាពថាដោយសារតែស្និទ្ធស្នាលជាមួយលោកប្រធានមន្ទីរ រាប់អានគាត់តាំងពីគាត់ផ្លាស់មកធ្វើការនៅកំពង់ធំ ហើយធ្លាប់លេងសើចជាមួយគាត់ពាក្យហ្នឹងជាញឹកញយ។
លោកប្រធានមន្ទីរកសិកម្មកំពុងនៅចិនជាមួយខ្ញុំ ល្ងាចនេះបានទៅដល់ខ្មែរវិញ។ ចំពោះចំណារនេះគាត់ក៏មិនដែលឃើញឯកសារនេះដែរ។ ខ្ញុំពិតជាមានការសោកស្តាយ។ សូមអរគុណ៕ ដោយ ៖ បញ្ញាស័ក្តិ