ភ្នំពេញ ៖ ព្រះរាជអាជ្ញា បានសម្រេចអនុញ្ញាតឲ្យអាជីវផ្សារព្រៃទារចំនួន៤នាក់ ក្នុងនោះម្នាក់ជាសាក្សី ត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំ និងពន្យល់ណែនាំអំពីនីតិវិធីច្បាប់ ក្រោយក្រុមអាជីវករបានប្រើអំពើហិង្សា និងចាប់កោរសក់ទៅលើនារីជាជនសង្ស័យម្នាក់ ដែលបានលួចទូរស័ព្ទនៅក្នុងផ្សារនៅល្ងាចថ្ងៃទី ១៥ខែ កញ្ញា ឆ្នាំ ២០១៨។
ករណីបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា ថ្ងៃក្រោយកុំនាំគ្នាប្រើហឹង្សាទៀត ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បើគេប្រព្រឹត្តខុសត្រូវចាប់ប្រគល់ឲ្យសមត្ថកិច្ច កុំទូទាត់តាមកំហឹងខ្លួនឯង ដែលនាំឲ្យមានបញ្ហាដល់ខ្លួន ។
បន្ទាប់ពីមានគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យក្រុមអាជីវករផ្សារព្រៃទារចំនួន៤នាក់ ក្នុងនោះម្នាក់ជាសាក្សីបំភ្លឺ ត្រឡប់ទៅវិញ នៅវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
អាជីវករផ្សារព្រៃទាចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលពាក់ព័ន្ធចាប់ស្ដ្រីជនសង្ស័យជាចោរលួចទូរស័ព្ទ កោរសក់ និងធ្វើទារុណកម្មលើរូបរាងកាយស្ត្រីជាចោរនោះ បន្ទាប់ពីវីដេអូនៃការចាប់កោរសក់ និងប្រើប្រាស់ហិង្សា ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ។ ជាក់ស្តែងនៅថ្ងៃទីថ្ងៃទី១៥កញ្ញា អាជីវករលក់ក្នុងផ្សារបានប្រមូលគ្នា ធ្វើការតវ៉ា សុំឲ្យដោះលែងអាជីវករដែលត្រូវបានឃាត់ខ្លូនចំនួន៣នាក់ មកវិញ ដោយពួកគាត់លើកឡើងថា ពួកគេជាជនរងគ្រោះទេ ហើយប៉ុន្មានខែមកនេះ ឧស្សាហ៍មានករណីបន្លំលួចកើតឡើងណាស់ នៅក្នុងផ្សារ ធ្វើឲ្យពួកគាត់ខឹង ប្រសិនបើមានការធ្វើចឹងលើសលួស សុំឲ្យមានការយោគយល់អធ្យាស្រ័យ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ទៅលើជនសង្ស័យ នៅពេលចាប់ខ្លួនបាន ហើយត្រូវបញ្ជូនទៅកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ការបន្ដតាមនីតិវិធី ព្រោះថាពេលខ្លះការប្រើប្រាស់អាចបណ្ដាលឲ្យជនល្មើសស្លាប់ ឬពេលខ្លះជននោះ សមត្ថកិច្ចមិនទាន់កំណត់រកឃើញបទល្មើសនៅឡើយទេ។
សូមជម្រាបថា អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពាក់ព័ន្ធចាប់ស្ដ្រីជនសង្ស័យជាចោរលួចម្នាក់ កោរសក់ និងធ្វើទារុណកម្មលើរូបរាងកាយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។ ពួកគេទាំង៤នាក់ ១. សុង ហេង ភេទប្រុស ជា អ្នកកោរសក់ ២. ណាំង ណារិទ្ធ ជា ឪពុក សុងហេង ៣. ហុក គឹមហ៊ន ជា ម្ចាស់ទូរស័ព្ទ និងជាម្ដាយ របស់ សុង ហេង និង៤ . ឈួរ គឹមឡេង ជា អ្នកបំភ្លឺ (ជាសាក្សី ) ។
បន្ទាប់មកវីដេអូនៃការចាប់កោរសក់ និងប្រើប្រាស់ហិង្សា ត្រូវបានចែកចាយពេញបណ្ដាញសង្គម Facebook ធ្វើឲ្យមហាជនខ្លះរិះគន់ចំពោះសកម្មភាពនេះផងដែរ ដោយបញ្ចេញមតិថា មិនត្រូវប្រើហិង្សានោះទេ គឺត្រូវចាប់បញ្ជូនទៅសមត្ថកិច្ចដើម្បីផ្ដន្ទាទោសតាមច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ