ភ្នំពេញ ៖ អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ចាប់ពីថ្ងៃទី៤ ខែតុលា នេះក្រុមហ៊ុន Etihad Airways បានចាប់ផ្តើមជាមួយជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ (KTI) និងរដ្ឋធានីអាប៊ុយដាប៊ី (AUH) ដោយមានជើងហោះហើរចំនួន៤ជើងក្នុងមួយសប្តាហ៍។ នេះជាយន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A321LR ដែលក្រុមហ៊ុនអាកាសចរណ៍ខាងលើនឹងប្រើប្រាស់សម្រាប់ជើងហោះហើរមួយនេះ។
នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) ដែលដឹកអ្នកដំណើរពីទីក្រុងអាប៊ូដាប៊ី (AUH) ប្រទេសអារ៉ាប់រួម បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការទទួលស្វាគមន៍ការមកដល់នៃអ្នកដំណើរ និងជើងហោះហើររបស់ក្រុមហ៊ុន Etihad Airways មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៉ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបថា កាលវិភាគហោះហើរពី AUH មក KTI គឺជើងហោះហើរ EY0434 រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ខណៈម៉ោងចេញដំណើរ ២០៖៤៥ ទៅដល់ម៉ោង ០៦៖៥៥ (+១)។ ចំណែកកាលវិភាគហោះហើរពី KTI ទៅ AUH គឺជើងហោះហើរ EY0435 រៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍ ខណៈម៉ោងចេញដំណើរ ០៧៖៤៥ មកដល់ម៉ោង ១២៖៤៥។
ក្រុមហ៊ុន Etihad Airways (Cambodia) បានចាត់ទុកថា ផ្លូវហោះហើរថ្មីនេះជួយបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើអាជីវកម្ម និងការកម្សាន្ត បើកទ្វារទៅកាន់ឱកាសថ្មីៗនៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី











