ភ្នំពេញ ៖ យុវជនចំនួន២ នាក់ស្លាប់បាត់បង់ជីវិត ដោយសារតែជនរងគ្រោះជិះម៉ូតូឌុបគ្នា ទៅបុកជាមួយរថយន្តដឹកដូង ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង កាលពីម៉ោង៣ និង៥នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឺកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ ហេង វិថី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់១១ សាលា នរោត្តមរានរិទ្ធជង្រុក រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ និងជាម្ចាស់ម៉ូតូ និងទី២ឈ្មោះខាត់ ធារ៉ា ជនជាតិខ្មែរ អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ភូមិផ្សារគុមឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 1A-1803 បាន ដឹកដូង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ឡើងពីខេត្តមកភ្នំពេញ ទឹសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានយុវជន២នាក់ធ្វើដំណើរដោយជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1U-2619 ដេញវ៉ៃគ្នាដោយនៅនិងដៃមានរុំខ្សែរក្រវ៉ាត់ ជិះទិសដៅបញ្ច្រាសជាមួយរថយន្តក្នុងល្បឿនយ៉ាងលឿន ហើយក៏ចូលទៅខាងផ្លូវរថយន្ត និងបុកជាមួយរថយន្តខាងលើទល់មុខគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជន២នាក់ភាគីខាងម៉ូតូ បោកក្បាលជាមួយរថយន្តនិងថ្នល់ ស្លាប់ក្នុងថ្លុកឈាមទាំង២នាក់ រីឯម៉ូតូបានខ្ទេចផ្នែកខាងមុខទាំងស្រុង ។
ក្រោយកើតហេតុ ភ្លាមៗម្ចាស់រថយន្តក៏បានបន្តដំណើរទៅដល់គោលដៅ២៤ម៉ោងរបស់សមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដិ៍តែម្ដង ។
សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិបងប្អូនយកទៅធ្វើបស្រុកកំណើត៕ ដោយ ៖ បញ្ញាស័ក្តិ