ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្មជាមួយ ឯកឧត្តម Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះនិងលទ្ធភាពបើកទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បីធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចអំពីឱកាសវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ និងនាំចេញកសិផលរបស់កម្ពុជា ដែលផ្ដល់ផលចំណេញ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃភាគីទាំងពីរ។
កិច្ចប្រជុំបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេសុីក្នុងវិស័យកសិកម្មកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី













