Monday, October 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាពង្រឹងប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងពង្រីកទីផ្សារសម្រាប់ផល ផលិតផលជលផល

រាជធានីភ្នំពេញ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ខណៈដែលគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) កំពុងបោះជំហានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខ គម្រោងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្កើត និងដាក់ឱ្យអនុវត្តនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារផ្លូវការដ៏រឹងមាំមួយផ្តើមចេញពីវិស័យជលផល។ ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការ UNIDO គម្រោងនេះមានសុខុមុមនីយកម្មទៅនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ដែលនេះជាការត្រួសត្រាយផ្លូវឱ្យផល ផលិតផលជលផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ និងរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

គម្រោងបានគាំទ្រលើការរៀបចំបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់ផល ផលិតផលជលផលកម្ពុជា រួមទាំងគោលការណ៍ណែនាំបច្ចេកទេសមួយចំនួនផ្សេងទៀត ដើម្បីលើកកម្ពស់ការធានាគុណភាពសម្រាប់ឧស្សាហកម្មនេះ។ ជាលទ្ធផល សហគ្រាសជលផលកម្ពុជាចំនួន ២២ បានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដែលបង្កើនជំនឿទុកចិត្តរបស់អ្នកបរិភោគ សម្រាប់ទីផ្សារទាំងក្នុង និងក្រៅស្រុក។ លើសពីនេះ សហគ្រាសចំនួនប្រាំបួន កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារអង្កេតដានអន្តរជាតិ។
ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានមើលឃើញថានឹងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ ជាតួយ៉ាងច្បាប់ស្តីពីជលផលថ្មី ដែលទើបអនុម័តកាលពីខែមិថុនា ឆ្នាំ២០២៥។ ច្បាប់នេះមានគោលបំណង ពង្រឹងការនេសាទប្រកបដោយ
និរន្តរភាព និងការការពារធនធានសមុទ្រ។ កិច្ចការសំខាន់ចំពោះមុខនាពេលនេះ គឺការត្រៀមលក្ខណៈសម្រាប់សវនកម្មពី
អគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចុះបញ្ជីសហគ្រាសជលផលកម្ពុជាក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប។ FiA ក៏កំពុងបន្តពិភាក្សាលើការចុះហត្ថលេខាសម្រាប់អនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។

សិក្ខាសាលាបិទបញ្ចប់គម្រោងសម្រាប់លទ្ធផលទី១ ថ្ងៃនេះដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញអំពីសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់គម្រោង និងតួនាទីរបស់គម្រោងក្នុងការជម្រុញការផ្លាស់ប្តូរក្នុងវិស័យជលផលនៅកម្ពុជា។ ខណៈដែលគម្រោងនឹងបិទបញ្ចប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចាក់ជាថ្មីពីការប្តេជាចិត្តរបស់ក្រសួងចំពោះសន្តិសុខស្បៀង សុខមាលភាពសហគមន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសវនកម្មពី DG SANTE នាពេលខាងមុខថា «ការឆ្លងកាត់សវនកម្មនេះដោយជោគជ័យនឹងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលជលផល និងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាជាប្រទេសផ្គត់ផ្គង់ផល ផលិតផលជលផលមានគុណភាព និងសុវត្ថិភាព។»
អង្គការ UNIDO នៅតែប្តេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការបំពេញតាមស្តង់ដារពិភពលោក និងការពង្រីកទីផ្សារទូលំទូលាយ។ លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO នៅកម្ពុជា មានប្រសាសន៍ថា៖ «ការរីកចម្រើនរបស់កម្ពុជាឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនៅគ្រប់កម្រិត។ យើងកំពុងកសាងវិស័យជលផលមួយដែលមានភាពធន់ ហើយអាចរីកចម្រើន ឈានចូលនៅក្នុងទីផ្សារអន្តរជាតិពោរពេញដោយភាពប្រកួតប្រជែង ឈរលើស្មារតីសាមគ្គីជាធ្លុងមួយ។»

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល (FiA) បានមានប្រសាសន៍បន្ថែមថា៖ «សមិទិ្ធផលគម្រោង មានតម្លៃលើសពីប្រព័ន្ធវិញ្ញាបនបត្រ និងគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធដែលគម្រោងបានចូលរួមបង្កើត ហើយគម្រោងបន្សល់ទុកនូវកេរដំណែលនៃការផ្លាស់ប្តូរ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់អនាគតដ៏រុងរឿងសម្រាប់វិស័យជលផលកម្ពុជារបស់យើង។»

ទោះបីជាគម្រោងបញ្ចប់ក៏ដោយ កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អនុលោមភាពសុវត្ថិភាពម្ហូបអាហារក្នុងវិស័យកែច្នៃជលផល និងការត្រៀមខ្លួនសម្រាប់នាំចេញនឹងនៅតែបន្ត។ ដោយផ្តោតការយលចិត្តទុកដាក់លើកត្តានេះ កម្ពុជាអាចនឹងក្លាយជាប្រទេសនាំមុខគេក្នុងតំបន់លើការគ្រប់គ្រងជលផលប្រកបដោយទំនួលខុសត្រូវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×