Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈដ្ឋាន​រង់ចាំ​មើល​ចំណាត់ការ​របស់ គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​កម្ពុជា លើ​ក្រុមហ៊ុន​យាយ​ភូ ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​

​ភ្នំពេញ ​៖ គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ដែល​មាន​លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជា​ប្រធាន កំពុង​តែ​ពិនិត្យ និង​ចាត់វិធានការ ចំពោះ​ក្រុមហ៊ុន​ខ្មែរ​ដែល​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង នៅ​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​ដែល​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង នៅ​ខេត្ត​ព្រះសីហនុ គឺជា​ក្រុមហ៊ុន​របស់ លោកស្រី​ឧកញ៉ា ជឹង សុភាព ហៅ យាយ​ភូ​។​

​លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ បាន​ថ្លែង​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ព្រែកត្រែង កំពុង​តែ​បំពាន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឆ្នេរ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ដោយ​អនុញ្ញាត​ឲ្យ​រា់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ ត្រូវ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​១០០​ម៉ែត្រ ឬ​ឆ្ងាយ​ជាង​នេះ​។ គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ កំពុង​តែ​ពិនិត្យ​អំពី​ទិដ្ឋភាព​ច្បាប់​ជុំវិញ​ករណី​នេះ ហើយ​អាច​ឈាន​ទៅ​កំណត់​ឲ្យ​ក្រុមហ៊ុន​ខាងលើ កាយ​ដី​ចេញពី​តំបន់​ដែល​បាន​ចាក់​លុប ឬ​អនុវត្ត​វិធានការ​ច្បាប់​ជា​បន្ដបន្ទាប់ ព្រោះ​រាជរដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នោះ បំផ្លាញ​ឆ្នេរ​ដ៏​ស្រស់ស្អាត និង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​នោះទេ​។ តាម​គោលការណ៍​ណែនាំ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ពិសេស​ស្ថិត​ក្នុង​គម្រោង​ធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុង​តែ​រៀបចំ​ធ្វើ​ផ្លូវ​នៅតាម​តំបន់ឆ្នេរ​បន្ថែមទៀត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ដ ពី​សំណាក់​ភ្ញៀវទេសចរ​ផង​ដែរ​។​

​មន្ត្រីជាន់ខ្ពស់​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ក្រុមហ៊ុន​ដែល​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​នេះ មិនមែន​ជា​ក្រុមហ៊ុន របស់​ចិន​នោះទេ គឺ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ខ្មែរ ដែល​មាន​លោកស្រី​ឧកញ៉ា​ម្នាក់​ក៏​មាន​ឥទ្ធិពល គឺ​យាយ​ភូ​។​

​មហាជន​រង់ចាំ​មើល​តើ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​លោក​ថោង ខុន មាន​វិធានការ បែបណា ចំពោះ​ក្រុមហ៊ុន​របស់ លោកស្រី ជឹង សុភាព ហៅ យាយ ភូ ឬ​មួយ​គ្រាន់តែ ជាការ​គំរាម​តែប៉ុណ្ណោះ ព្រោះ យាយ ភូ ក៏​មិនមែន​ជា​មនុស្ស​ធម្ម​ដែរ ហើយ​ជា​មនុស្ស​ម្នាក់​ស្និទ្ធ​នឹង​អ្នកមានអំណាច​មួយ​ចំនួន​ដែរ​។​

​ក្រោយពី មានប្រតិកម្ម នៅលើ​បណ្តាញ សង្គម​ហ្វេ​ក​ប៊ុក ជុំវិញ ករណី ដង្ខៅ​ដី​បឹងកក់ ដែល​គេ​ស្គាល់​ថា យាយ ភូ ចាក់ដី លុប ឆ្នេរ​ព្រែកត្រែង នៅ​ខេត្ត​ព្រះសីហនុ លោក William Guang ដែល​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​ឋានៈ​ស្នើ​នឹង​ទេស​រដ្ឋមន្ត្រី​នោះ នឹង​ចុះ​សិក្សា​ការចាក់​ដី​លើ​សមុទ្រ ខុសច្បាប់ នៅ​ក្រុងព្រះសីហនុ តំបន់​ព្រែកត្រែង​។ លោក William Guang បាន​បញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុ​កថា “​នា​ថ្ងៃ​អង្គារ ទី​១៨ ខែ​កញ្ញា ខាងមុខនេះ ក្រុមការងារ​យើងខ្ញុំ និង​ចុះ​សិស្សា​ស្រាវជ្រាវ​លម្អិត​រ​ក​អំពើ​ឃុបឃិត ឬ​តម្រុយ​ពុករលួយ​ណាមួយ របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​អនុញ្ញាត​ឲ្យ​ជំទាវ​ម្នាក់ ដែល​មាន​ប្ដី​ជា​សមាជិក​ព្រឹទ្ធសភា ចាក់​ដីក្រហម រំលោភច្បាប់ អនុក្រឹត្យ​លេខ ០១ សរ​ណន ស្ដីពី​ការអភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា​។ សូម​ឯកឧត្តម យន្ត មីន មេត្តា​ពិនិត្យ​មើល​អនុក្រឹត្យ និង រាល់​បទដ្ឋាន​គតិយុត្ត ឲ្យបាន​គ្រប់​ជ្រុងជ្រោយ មុន​អនុម័ត​លើ​អាជ្ញាប័ណ្ណ​វិនិយោគ ឬ​ធ្វើ​សេចក្តី​ថ្លៃ​ង​ការ ឬ​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ថា ការចាក់​ដី​លុប​សមុទ្រ​នេះ ជា​ការអភិវឌ្ឍន៍​ស្របច្បាប់ ទង្វើ​របស់​ពួក​អស់លោក​បាន​ចូលរួម បំផ្លាញ​ជាតិ បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រួម បំពុលសង្គម​តាមរយៈ បំផ្លាញ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​ដ៏​អាត្មានិយម ពុករលួយ​គ្មាន​អៀនខ្មាស ដែល​មិន​សក្តិសម​ជា​មន្ត្រី ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​គោរព និង​ទុកចិត្ត​នោះទេ​។ យើង​ចាត់ទុក​ថា នេះ​ជា​ការរំលោភច្បាប់​ជា​ប្រព័ន្ធ និង​ធ្វើ​សេចក្ដីថ្លែងការណ៍ ការពារ​ការរំលោភច្បាប់​ទៀតផង​”៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×