រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ខណៈដែលគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការ UNIDO ឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ កិច្ចគាំទ្ររបស់គម្រោងបានចូលរួមយ៉ាងខ្លាំងក្នុងការពង្រឹងភាពប្រកួតប្រជែងនៃវិស័យម្ហូបអាហារនៅកម្ពុជា តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និងដំណោះស្រាយបែបនវានុវត្តន៍។
ការបង្កើតថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ដែលជាវេទិកាជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងផ្នែកឧស្សាហកម្ម គឺជាសមិទិ្ធផលលេចធ្លោរមួយរបស់គម្រោង។ ថ្នាលពហុភាគី FTRIP នេះ បានច្របាច់បញ្ចូលដោយជោគជ័យលទ្ធផលនៃគម្រោងស្រាវជ្រាវទៅជាការអនុវត្តជាក់ស្តែង ផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មក្នុងស្រុក និងការលើកកម្ពស់គុណភាពផលិតផល។ បែបផែន ឬគំរូកិច្ចសហការបង្កើតឡើងដោយ FTRIP ជាប្លង់មេសម្រាប់គំនិតផ្តួចផ្តើមក្នុងវិស័យផ្សេងទៀតនៅព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។
ផ្អែកលើភាពជោគជ័យនេះ បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO បានគូសបញ្ជាក់នៅក្នុងមតិស្វាគមន៍របស់លោក អំឡុងសិក្ខាសាលានាថ្ងៃនេះថា វឌ្ឍនភាពរបស់ FTRIP ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនវានុវត្តន៍ និង R&D ក្នុងវិស័យជលផលនៅកម្ពុជា អំពីភាពជាសារវ័ន្ត និងសក្តានុពលក្នុងការយកទៅអនុវត្តបន្ត ឬពង្រីកវិសាលភាពលើឧស្សាហកម្មកសិអាហារផ្សេងទៀត។
ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់នៅកម្ពុជា (CPC) នាពេលថ្មីៗនេះ ជំរុញឱ្យមានការផ្លាស់ប្តូរជា ដុំកំភួននៅក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ពោលគឺការទទួលបានធនធាន និងបច្ចេកវិទ្យាពាក់ព័ន្ធទៅនឹងការវេចខ្ចប់។ ប្រការនេះ បានជួយឱ្យផលិតករក្នុងស្រុកកែលម្អភាពលេចធ្លោររបស់ផលិតផល និងកម្មញ្ញភាពទីផ្សារដែលជាកត្តាសំខាន់សម្រាប់ការបង្កើនភាពទាក់ទាញរបស់ផលិតផលកម្ពុជាទាំងក្នុង និងក្រៅស្រុក។ លើសពីនេះ គម្រោងក៏បានដឹកនាំលើការបង្កើតឱ្យមាន ក្របខ័ណ្ឌគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា (IP) ដាក់ឱ្យប្រើប្រាស់នៅតាមសាកលវិទ្យាល័យផងដែរ។
សមិទ្ធិផលលេចធ្លោមួយទៀត គឺការចុះបញ្ជីដោយជោគជ័យប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការការពារផលិតផលបេតិកភណ្ឌក្នុងស្រុក និងលើកកម្ពស់គុណវិសេសរបស់ផលិតផល ទន្ទឹមនឹងផ្តល់ភាពអំណាចផ្នែកសេដ្ឋកិច្ចដល់ផលិតករក្នុងស្រុកជាមួយតម្លៃបន្ថែមប្រកបដោយភាពប្រកួតប្រជែង។
លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា៖ «ថ្វីបើកម្មវិធី CAPFISH ដែលគាំទ្រថវិកាដោយហភាពអឺរ៉ុប ខិតជិតទៅបញ្ចប់ យើងសូមឆ្លុះបញ្ចាំងពីការគាំទ្រដ៏ធំធេងរបស់សហភាពអឺរ៉ុបចំពោះនវានុវត្តន៍ ការអភិវឌ្ឍ ការស្រាវជ្រាវ និងបច្ចេកវិទ្យាអាហារ។ កិច្ចប្រឹងប្រែងទាំងនេះរបស់សហភាពអឺរ៉ុប បានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គម្រូអាជីវកម្មនាពេលអនាគតប្រកបដោយភាពច្នៃប្រឌិត ដែលនឹរួមចំណែក លើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច។»
បណ្ឌិត បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព (DFPTQ) តំណាងរដ្ឋបាលជលផល បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការថា៖ «ភាពជាដៃគូដែលយើងបានកសាងតាមរយៈគម្រោង បានត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធានាបាននូវការគ្រប់គ្រងជលផលប្រកបដោយចីរភាព និងការបែងចែកអត្ថប្រយោជន៍ចំណោមអ្នកកែច្នៃ និងអ្នកបរិភោគក្រោយពេលគម្រោងបញ្ចប់។»
ផលិតផលច្នៃប្រឌិតថ្មីចំនួន ៧ ដែលជាលទ្ធផលរបស់គម្រោងស្រាវជ្រាវត្រូវបានពង្រីក និងធ្វើពាណិជ្ជកម្ម ដែលសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការស្រាវជ្រាវភ្ជាប់ទៅនឹងវិស័យម្ហូបអាហារ ការជំរុញកំណើន និងជាផែនទីបង្ហាញផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគត សំដៅធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព និងធានាសន្តិសុខស្បៀងអាហារសម្រាប់សហគមន៍ទូទាំងព្រះរាជាណាចក្រកម្ពុជាតាមរយៈនវានុវត្តន៍។
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងតម្រូវការរបស់ផ្នែកឯកជន ដោយសង្កត់ធ្ងន់ថា៖ «នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) គឺជាឧបករណ៍ប្រកបដោយថាមពលសម្រាប់កសាងវិស័យម្ហូបអាហារប្រកបដោយនិរន្តរភាព។ មេរៀន បទពិសោធន៍ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នឹងជួយតម្រង់ទិសសម្រាប់ការរៀបចំយុទ្ធសាស្ត្រឆ្ពោះទៅមុខរបស់យើង។»
ថ្វីត្បិតតែគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នឹងបិទបញ្ចប់ កេរដំណែលនៃបទអន្តរាគមន៍របស់គម្រងប្រកបដោយនវានុវត្តន៍ និងភាពបត់បែន ជាដើមទុនសម្រាប់ពង្រឹងភាពធន់ និងភាពប្រកួតប្រជែងរបស់វិស័យម្ហូបអាហារកម្ពុជានៅលើឆាកអន្តរជាតិ និងជាមេរៀន ឬការបំផុសគំនិតសម្រាប់គម្រោងផ្សេងៗនាពេលអនាគត ផ្អែកលើបទពិសោធន៍ជោគជ័យទាំងនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








