ភ្នំពេញ ៖ របាយការណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែបន្តមានកំណើនល្អជាងគេបំផុតនៅលើ ពិភពលោក ប៉ុន្ដែដើម្បីបង្កើតការងារឱ្យបានកាន់តែច្រើន និងរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តំបន់នេះចាំបាច់ ត្រូវធ្វើកំណែទម្រង់ប្រកបដោយមហិច្ឆតា ទន្ទឹមគ្នានឹងការប្រឹងជម្នះភាពមិនច្បាស់លាស់ច្រើនយ៉ាងនៅលើសកលលោក។ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២៥ របស់ធនាគារពិភពលោក ព្យាករថា កំណើន ក្នុងតំបន់នឹងមាន ៤,៨ ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះបន្តិចពី ៥,០ ភាគរយក្នុងឆ្នាំ២០២៤។ វៀតណាមនាំមុខគេដោយមាន កំណើន ៦,៦ ភាគរយ បន្ទាប់មកប្រទេសម៉ុងហ្គោលី (៥,៩ ភាគរយ) និងហ្វីលីពីន (៥,៣ ភាគរយ)។ ចិន កម្ពុជា និងឥណ្ឌូ នេស៊ី ត្រូវបានព្យាករថានឹងមានកំណើន ៤,៨ ភាគរយ ខណៈដែលបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកត្រូវបានព្យាករថានឹងមាន កំណើន ២,៧ ភាគរយ និងថៃ ២,០ ភាគរយ។
គំរូជោគជ័យនៃការអភិវឌ្ឍប្រកបដោយបរិយាបន្នរបស់អាស៊ីបូព៌ា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ។ កំណើនការងារនា ពេលថ្មីៗនេះ ភាគច្រើនមាននៅក្នុងវិស័យការងារដែលមានផលិតភាពទាប ដែលជារឿយៗជាការងារសេវាកម្មក្រៅប្រព័ន្ធដែល ផ្តល់ឱកាសរីកចម្រើនតិចតួច។ លើសពីនេះ យុវជនកំពុងមានការលំបាកក្នុងការស្វែងរកការងារ ហើយស្ត្រីនៅតែចូលរួមបាន តិចតួចនៅក្នុងកម្លាំងពលកម្ម។ តាមការរំពឹងទុក មនុស្ស ២៥ លាននាក់ នឹងបានរួចផុតពីភាពក្រីក្រចន្លោះពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦ ប៉ុន្តែភាគចំណែកនៃប្រជាជនដែលងាយនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ ពេលនេះមានទំហំធំជាងប្រជាជនវណ្ណៈ កណ្តាល នៅតាមប្រទេសភាគច្រើនក្នុងតំបន់។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « តំបន់នេះកំពុងមានស្ថានភាពបញ្ច្រាសគ្នាមួយពាក់ព័ន្ធនឹងការងារ – សេដ្ឋកិច្ចមានកំណើនរឹងមាំគួរសម ប៉ុន្តែបែរជាបង្កើតការ ងារដែលមានគុណភាពមិនបានគ្រប់គ្រាន់ទៅវិញ»។ លោកបន្តថា៖ «កំណែទម្រង់មោះមុតជាងមុនដើម្បីលុបបំបាត់ឧបសគ្គ ដល់ការចូលរួម និងការប្រកួតប្រជែងរបស់ក្រុមហ៊ុន នឹងជំរុញឱ្យមានរំហូរដើមទុនឯកជនកាន់តែច្រើន និងបង្កអំណោយផល ដល់ក្រុមហ៊ុនដែលមានសក្តានុពលបង្កើនផលិតភាព ឱ្យកាន់តែមានភាពរីកចម្រើន និងបង្កើតឱកាសការងារថ្មីៗ ថែមទៀត។ ធនាគារពិភពលោកនៅតែបន្តធ្វើជាដៃគូដ៏រឹងមាំ នៅក្នុងការប្តេជ្ញាចិត្តរបស់តំបន់ ចំពោះការអភិវឌ្ឍប្រកបដោយបរិយាបន្ន ឆ្លើយ តបទៅនឹងមហិច្ឆតារបស់ប្រជាជនដែលចង់បាន»។
សូចនាករនៃសកម្មភាពសេដ្ឋកិច្ច បង្ហាញឱ្យឃើញថា កំណើនសេដ្ឋកិច្ចកំពុងមានសន្ទុះធ្លាក់ចុះល្បឿន។ ការលក់រាយកំពុងកើន ឡើង ខណៈដែលទំនុកចិត្តអ្នកប្រើប្រាស់មិនបានងើបឡើងវិញដល់កម្រិតមុនជំងឺកូវីដ-១៩ នៅឡើយទេ។ ផលិតកម្មឧស្សាហកម្មមានភាពរឹងមាំ ប៉ុន្តែទំនុកចិត្តអាជីវកម្មនៅតែមានកម្រិតទាប។ ការនាំចេញបានកើនឡើងមុនការដំឡើងពន្ធនាពេលថ្មីៗនេះ ប៉ុន្តែការបញ្ជាទិញសម្រាប់នាំចេញថ្មីៗ មានកម្រិតទាប។
កំណើននៅឆ្នាំ២០២៦ ត្រូវបានព្យាករថានឹងថយចុះមកនៅត្រឹម ៤,៣ ភាគរយ។ លទ្ធផលកំណើននឹងរងឥទ្ធិពលនៃការរឹត បន្ដឹងពាណិជ្ជកម្មកាន់តែខ្ពស់, ភាពមិនប្រាកដប្រជាសកល – ដែលធូរស្រាលបន្តិច ប៉ុន្តែនៅតែមានកម្រិតខ្ពស់នៅឡើយ – និងកំណើនសកលយឺត អមដោយជម្រើសគោលនយោបាយក្នុងស្រុក ជាពិសេសការពឹងផ្អែករបស់ប្រទេសមួយចំនួនលើការ លើកទឹកចិត្តផ្នែកសារពើពន្ធ ជាជាងធ្វើកំណែទម្រង់ជារចនាសម្ព័ន្ធ។
របាយការណ៍នេះអំពាវនាវឱ្យមានកំណែទម្រង់ និងការវិនិយោគលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការប្រកួត ប្រជែងកាន់តែខ្លាំងនៅក្នុងសេវាកម្ម
និងគោលនយោបាយដើម្បីធានាឱ្យមានឱកាសការងារត្រូវតាមជំនាញរបស់ប្រជាជន។ វឌ្ឍនភាពលឿននៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, រ៉ូបូត និងវេទិកាឌីជីថល ទាមទារឱ្យក្រុមហ៊ុន កម្មករ និងអ្នកបង្កើតគោល នយោបាយ គិតគូរអំពីជំនាញថ្មីៗ និងភាពរហ័សរហួន និងការសម្របខ្លួនកាន់តែខ្លាំងជាងមុន ទៅតាមសភាពការបច្ចុប្បន្ន។ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក មានប្រសាសន៍ថា៖ « កំណើនដែលផ្ដោតលើការនាំចេញ និងពឹងផ្អែកលើអតិពលកម្មនៅអាស៊ីបូព៌ា បានជួយមនុស្សមួយពាន់លាននាក់ឱ្យរួចផុតពី ភាពក្រីក្រក្នុងរយៈពេលបីទសវត្សរ៍កន្លងមក ប៉ុន្តែតំបន់នេះឥឡូវនេះប្រឈមមុខនឹងបញ្ហាភ្លោះក្នុងពេលតែមួយ គឺការការពារ ពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្មការងារ»។ លោកបន្តថា៖ «កំណែទម្រង់បរិយាកាសធុរកិច្ច និងការកែលម្អការអប់រំ អាចធ្វើឱ្យ កាន់តែប្រសើរឡើងនូវឱកាស និងសមត្ថភាព នាំទៅរកកំណើនកាន់តែខ្ពស់ និងការងារកាន់តែប្រសើរជាងមុន»។
ធនាគារពិភពលោកកំណត់បន្ទាត់ភាពក្រីក្រក្នុងតម្លៃ ៦,៨៥ដុល្លារអាមេរិក ក្នុងមួយថ្ងៃ សម្រាប់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ រក្សាសិទ្ធដោយ៖សុទ្ធលី



