រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗ នៅប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម Jesse McCaul ចូលជួបសម្តែងការគួរសម ដើម្បីស្នើសុំអនុសាសន៍ដឹកនាំបន្តពីលើការផលិតមាតិកា ព្រមទាំងសំណើកិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍ នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មលើការផលិត និងចែករំលែកមាតិកាល្អៗ ពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាកន្លងមកដល់ប្រជាជននៅប្រទេសកំណើតរបស់ខ្លួន និងប្រជាជនពិភពលោកទាំងមូល។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់អ្នកផលិតមាតិកា និងជា Influencer ដែលមកពីប្រទេសផ្សេងៗ គ្នាតែមានចិត្តរួមគ្នាស្រលាញ់រស់នៅលើទឹកដីកម្ពុជាទាំងអស់យកចិត្តទុកដាក់ផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា ព្រមទាំង ពីសភាពការណ៍ពីតពីនយោបាយ សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការធានាសុខសុវត្ថិភាពភ្ញៀវទេសចររបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដល់ Followers រាប់លាននាក់របស់ខ្លួនដែលនៅគ្រប់ទិសទីនៃពិភពលោក។ លិខិតថ្លែងអំណរគុណ នឹងផ្តល់ជូនអ្នកផលិតមាតិកា និងជា Influencers ទាំងនេះ សម្រាប់ការដឹងគុណពីការចូលរួមចំណែកដ៏សំខាន់ និងវិជ្ជមានពីប្រទេសកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជារហូតមកដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយដល់ Followers រាប់លាននាក់ពីគ្រប់ទិសទីនៃពិភពលោក៕ រក្សាសិទ្ធដោយ៖សុទ្ធលី



































